ទុយនីស៊ី៖មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសទុយនីស៊ី និងតំបន់សាហារ៉ាភាគខាងលិច ខណៈប្រទេសអាហ្វ្រិកខាងជើងមួយនេះ ប្រឈមការកើនឡើងការឆ្លងកាត់សមុទ្រធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។
ប្រទេសទុយនីស៊ី បានក្លាយជាចំណុចពិសេសនៃច្រកទ្វារសំខាន់សម្រាប់ជនភៀសខ្លួន ជាចម្បងមកពីតំបន់ផ្សេងៗនៃទ្វីបអាហ្វ្រិក ដែលប៉ុនប៉ងធ្វើដំណើរតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់ ក្នុងក្តីសង្ឃឹមសម្រាប់ជីវិតកាន់តែប្រសើរ។ ចំនួនអ្នកស្លាប់ពីការលិចទូកកាលពីថ្ងៃអាទិត្យនៅប្រទេសទុយនីស៊ី បានកើនឡើងដល់១១នាក់ បន្ទាប់ពីសាកសពន្ថែមទៀតត្រូវបានរកឃើញ។
អាជ្ញាធរនិយាយថា មនុស្ស២នាក់ ត្រូវបានជួយសង្គ្រោះក្នុងចំណោម៥៧នាក់នៅលើទូក ដែលទាំងអស់នេះមកពីប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ា ហើយអាជ្ញាធរបានបន្តស្វែងរកអ្នកកំពុងបាត់ខ្លួន។ អ្នករួចផុតពីស្លាប់ពីការលិចទូកដែលបានរាយការណ៍ចុងក្រោយនៅជិតកោះ Kerkennah ប្រទេសទុយនីស៊ី នៅសមុទ្រម៉េឌីទែរ៉ាណេ បាននិយាយថា ទូកបណ្តោះអាសន្នរបស់ពួកគេ បានចេញដំណើរកាលពីចុងសប្តាហ៍ ពីឆ្នេរភាគខាងជើងទីក្រុង Sfax មានផ្ទុកមនុស្ស៥៧នាក់នៅលើទូក។
ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយទៀត អាជ្ញាធរនៅប្រទេសម៉ារ៉ុក កាលពីថ្ងៃចន្ទបាននិយាយថា សាកសព៥នាក់ ទាំងអស់នេះមកពីប្រទេសសេណេហ្គាល់ ត្រូវបានរកឃើញ ហើយ១៨៩នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់នៅតំបន់សាហារ៉ាភាគខាងលិច៕

