ឥណ្ឌា៖ ប្រមុខការទូតរបស់ប្រទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថា ទីក្រុងប៉េកាំងនៅតែមិនលំអៀងលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ១ថ្ងៃបន្ទាប់ពីគណៈប្រតិភូចិន បានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីការបញ្ចប់ជម្លោះដែលបានចូលរួមដោយទីក្រុងគីវ ប៉ុន្តែពុំមានវត្តមានមន្ត្រីទីក្រុងមូស្គូនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ លោក Wang បានបញ្ជាក់ដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថាប្រទេសចិននិងរុស្ស៊ីគឺជាដៃគូល្អ ជាមិត្តល្អគួឲ្យជឿជាក់និងទុកចិត្តបាន។
យោងតាមអំណាននៃកិច្ចសន្ទនាតាមទូរស័ព្ទចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang និយាយថា ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ប្រទេសចិននឹងប្រកាន់ខ្ជាប់ជំហរមិនលំអៀងនិងឯករាជ្យ និយាយមិនបំផ្លើស និងនិយាយដោយសមហេតុផល ជំរុញយ៉ាងសកម្មកិច្ចពិភាក្សាសន្តិភាព និងព្យាយាមស្វែងរកដំណោះស្រាយផ្នែកនយោបាយលើឱកាសពហុភាគីអន្តរជាតិ។
ការសន្ទនាតាមទូរស័ព្ទ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេល២ថ្ងៃ រៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលប្រទេសប្រមាណ៤០រួមមានសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រទេសឥណ្ឌា និងបណ្តាប្រទេសមជ្ឈឹមបូព៌ាមួយចំនួនទៀត បានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជម្លោះដែលមានរយៈពេលជិត១៨ខែ ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមការវាយលុករបស់ខ្លួន។
ក្រសួងការបរទេសចិន និយាយថា អំណានរបស់ពួកគេស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទ លោកLavrov បានកោតសរសើរ និងស្វាគមន៍តួនាទីស្ថាបនារបស់ប្រទេសចិន ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន៕
