
មន្រ្តីជាន់ខ្ពស់មួយរូបរបស់អេត្យូពី បានចោទប្រកាន់ក្រុមជីវពលនៅតំបន់ Amharaថាបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលក្នុងតំបន់ និងរដ្ឋាភិបាលសហព័ន្ធ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃ នាំឲ្យក្រុមអាជ្ញាធរ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Gondarដែលជាទីក្រុងធំបំផុតទី ២នៅក្នុងតំបន់ Amhara និយាយថា ការប៉ះទង្គិចគ្នារវាងក្រុមជីវពល Fano និងកងកម្លាំងការពារជាតិអេត្យូពី (ENDF) បន្តកាលពីចុងសប្តាហ៍កន្លងទៅ ហើយការផ្ទុះអាវុធធនធ្ងន់ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បានឮរហូតដល់ព្រឹកថ្ងៃចន្ទ ។
ជម្លោះមួយនេះដែរ បានក្លាយជាវិបត្តិសន្តិសុខធ្ងន់ធ្ងរបំផុតភ្លាមៗនៅក្នុងប្រទេសអេត្យូពី ចាប់តាំងពីសង្រ្គាមស៊ីវិលនៅតំបន់ទីក្រេ ដែលជាប់នឹងតំបន់ Amhara បានបញ្ចប់ទៅកាលពីខែវិច្ឆិកា ។
លោក Temesgen Tirunehគឺជាអគ្គនាយកសេវាកម្មចារកម្មជាតិអេត្យូពី ដែលត្រូវបានគេតែងតាំងឲ្យត្រួតត្រាការពង្រឹងច្បាប់ដាក់រដ្ឋក្នុងគ្រាអាសន្ននោះ ទទួលស្គាល់ថា ក្រុមសកម្មប្រយុទ្ធជីវពល ដណ្តើមបានការគ្រប់គ្រងទីក្រុង និងស្រុកមួយចំនួន ។
សូមបញ្ជាក់ថា ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នឹងផ្តល់ឲ្យសេវកម្មសន្តិសុខនូវអំណាចដាក់បំរាមគោចរ រឹតត្បឹតការធ្វើដំណើរ ហាមឃាត់ការកាន់អាវុធ ឬវត្ថុមុតស្រួច ហាមឃាត់ការជួបជុំគ្នាតាមទីសាធារណៈ ហើយនិងចាប់ខ្លួន ឬឆេកឆេរដោយពុំចាំបាច់មានដីការ ៕