ក្លិបបាល់ទាត់ញញួរធំ West Ham បានដាក់សំណើរួមគ្នាមួយដែលគេជឿថាលើសពី ៥០ លានផោនក្នុងការនាំយកកីឡាករពីរនាក់ Harry Maguire និង Scott McTominay ពី Manchester United។
West Ham នៅមិនទាន់ទិញបានកីឡាករណាម្នាក់នៅឡើយ ទោះបីមានដើមទុនពីការលក់ចេញប្រធានក្រុម Declan Rice ១០៥ លានផោនទៅកាន់ Arsenal និងបូករួមទាំងការចាកចេញរបស់ខ្សែប្រយុទ្ធ Gianluca Scamacca ទៅកាន់ Atalanta ក៏ដោយ។

កីឡាករទាំងពីរ Harry Maguire វ័យ ៣០ ឆ្នាំ និង Scott McTominay វ័យ ២៦ ឆ្នាំ ក៏ស្ថិតក្នុងគំរោងរបស់អ្នកចាត់ការ Erik ten Hag ដែរ ហើយបើមានការលក់ចេញមែន ក៏ទាមទាឱ្យមានអ្នកជំនួសដែរ។
West Ham ថ្មីៗនេះ ទើបតែត្រូវបាន Manchester United បដិសេធសំណើលើកទី ១ តម្លៃ ២០លានផោន ក្នុងការចង់បានខ្សែការពារអង់គ្លេស Harry Maguire។
ក្រៅពីកីឡាករទាំងពីរ West Ham ក៏កំពុងមានទំនាក់ទំនងក្នុងការនាំយកខ្សែបម្រើម៉ិកស៊ិកវ័យ ២៥ ឆ្នាំ Edson Alvarez ពី Ajax Amsterdam ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
