ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ បានប្តេជ្ញាថា នឹងបង្កើនការផ្តល់សេវា ដោះស្រាយសំណូមពរពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន និងការពារសុខសុវត្ថិភាពជូនពលរដ្ឋ ឲ្យបានលឿន និងមានតម្លាភាពអាចទទួលយកបាន។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ រាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី៩ ខែសីហានេះ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខ័ណ្ឌ មានជ័យ បានថ្លែងថា នៅក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ជាមួយអាជ្ញាធរសង្កាត់ និងពលរដ្ឋនៅតាមបណ្តាសង្កាត់នានា នាពេលនេះ រដ្ឋបាលខ័ណ្ឌមានជ័យ ក៏ដូចបណ្តាខណ្ឌនានាដែរ គឺបានទទួលមតិយោបល់ សំណើរសំណូមពរជាច្រើន ពីបណ្តាប្រជាពលរដ្ឋ ឲ្យធ្វើការដោះស្រាយ នៅក្នុងមូលដ្ឋាន ដូចជាកិច្ចការបង្កើនសកម្មភាពអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍផ្លូវ ដាក់លូ ដោះស្រាយបញ្ហាទឹកលិច និងការពន្លឿនការងារផ្តល់សេវាសាធារណៈមួយចំនួនទៀត ដែលមានភាពយឺតយ៉ាវជាដើម។
ពលរដ្ឋខណ្ឌមានជ័យថ្លែងថា ជាទូទៅ រាល់មតិយោបល់ សំណើរ និងសំណូមពរ ដែលពលរដ្ឋ បានដាក់ជូនទៅរដ្ឋបាលខ័ណ្ឌ គឺត្រូវបានទទួលយកទៅពិនិត្យពិចារណា រួមគ្នាដោះស្រាយ និងបានធ្វើឲ្យពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើន ហើយ កន្លែងដែលមិនទាន់ដោះស្រាយ អភិវឌ្ឍន៍ គឺបានរៀបចំគឺបានបញ្ចូលក្នុងគម្រោងផែនការសកម្មភាពអភិវឌ្ឍន៍នៅពេលបន្តបន្ទាប់គ្នានេះ។
លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ បានថ្លែងថា ការរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់អភិវឌ្ឍមូលដ្ឋាននេះ គឺធ្វើឡើងស្របតាមមាត្រា៦៦ នៃអនុក្រិត្យ២១៥ ក្នុងគោលបំណង ដោះស្រាយ និងឆ្លើយតបរាល់បញ្ហាអាទិភាពរបស់ពលរដ្ឋមូលដ្ឋាន និងជំរុញគ្រប់គ្រប់អ្នកពាក់ព័ន្ធក្នុងមូលដ្ឋានចូលរួមដំណើរការអភិវឌ្ឍតាមប្រជាធិបតេយ្យ៕អត្ថបទ ស៊ុម សុខជា