នេប៉ាល់៖ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ប្រទេសនេប៉ាល់ កំពុងជួបការលំបាកខ្លាំងដោយសារតែទឹកជំនន់ ក្រោយទឹកទន្លេឡើងប្រៀបច្រាំង ដោយសារភ្លៀងមូសុងវស្សាវាយប្រហារប្រទេសមួយនេះ ។
ទឹកទន្លេ Bagmatiស្ថិតតាមជ្រលងភ្នំកដ្ឋម៉ាន់ឌូ បានហូរប្រៀបច្រាំង ហើយនិងជន់លិចតំបន់ជុំវិញនោះ ជាកន្លែងដែលមានមនុស្សប្រហែល ៤លាននាក់រស់នៅ ។
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ បានព្យាយាមបាចទឹកចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ បានស្នើសុំឲ្យអ្នកស្រុកនៅជិតទន្លេភាគខាងកើត Sindhuliជម្លៀសចេញ ពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ ។
លោក Ambar Goleគឺជាអ្នកដឹកបន្លែលក់ក្នុងផ្សារមួយរូប និយាយថា ផ្សារលក់បន្លែ បានរងការជន់លិចទាំងស្រុង ។ ពួកយើងសង្រ្គោះបានរថយន្តមួយគ្រឿងនៅទីនេះពីការជន់លិច ប៉ុន្តែរថយន្ត ៣ ឬ ៤គ្រឿង បានរងការខូចខាត ។
សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សាដែលបោកបក់លើប្រទេសនៅតំបន់ភ្នំហិម៉ាឡៃនេះ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បានសម្លាប់មនុស្ស ៣៨នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕


