ជប៉ុន៖ នៅថ្ងៃពុធនេះ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Nagasaki ក្នុងនោះលោកនាយករដ្ឋមន្រ្តី Fumio Kishidaបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមតាម Video Conference ។
លោក Kishidaនិយាយថា ក្នុងនាមជាប្រទេសតែមួយគត់នៅលើពិភពលោកដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសង្រ្គាម ពួកយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីធ្វើឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ហើយនិងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង ៣ ។ នេះគឺជាបេសកកម្មប្រទេសរបស់ពួកយើង ហើយវានឹងមិនផ្លាស់ប្តូរនោះទេ ។
ក្នុងឆ្នំានេះដែរ ពិធីរំឭកខួបត្រូវបានប្តូរទីតាំងឲ្យប្រារព្ធនៅក្នុងអគារ មិនមែននៅឧទ្យានសន្តិភាព Nagasaki នោះទេ ដោយសារក្តីកង្វល់ពីព្យុះទីហ្វុង Khanun ស្របពេលដែលវាបោកបក់ឆ្លងកាត់តំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ។
គួររំឭកថា ការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki បានកើតមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 ឬ Enola Gay បានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកលើទីក្រុង Hiroshima កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អំឡុងសង្រ្គាមលោកលើកទី ២ ។
កាទម្លាក់គ្រាប់បែកទាំង ២លើកនេះ បានសម្លាប់មនុស្សជាង ២១៥.០០០នាក់ ក្នុងនោះមនុស្សរាប់ពាន់នាក់បន្ថែមទៀតបានស្លាប់តាមក្រោយដោយសាររបួស និងជំងឺពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ។
រយៈពេល ៦ថ្ងៃក្រោយមក នៅថ្ងៃទី ១៥ ខែសីហា ជប៉ុន បានសុំចុះចាញ់ ដើម្បីបញ្ចប់ការឈ្លានពានយោធារបស់ខ្លួនដែលនាំឲ្យកើតមានសង្រ្គាមលោកលើកទី ២ ៕


