ស្លូវេនី៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅក្នុងប្រទេសស្លូវេនី ដែលបច្ចុប្បន្នកំពុងវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងកំណត់ត្រា ដោយបានបំផ្លាញផ្ទះសម្បែង និងភូមិជាច្រើនត្រូវបានកកស្ទះដោយកម្ទេចកំទី ខណៈដែលប្រតិបត្តិការបោសសម្អាតបានបន្តកាលពីថ្ងៃចន្ទ (៧ សីហា)។
ភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងភាគខាងជើងប្រទេសស្លូវេនី បាននាំឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយចាប់តាំងពីពេលនោះមកបានជន់លិចផ្នែកជាច្រើននៃតំបន់ ដោយកាត់ផ្តាច់ផ្លូវទៅកាន់ភូមិ និងរំខានដល់ចរាចរណ៍ទៀតផង។
នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បានពណ៌នាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលប្រទេសដែលមានប្រជាជន២លាននាក់នេះកំពុងជួបប្រទះថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យកាលពីបីទសវត្សរ៍មុនមក។
ប្រទេសស្លូវេនី ដែលជាសមាជិកសហភាពអឺរ៉ុប បានសុំជំនួយពីប្លុក២៧ប្រទេសនេះ ហើយបានស្នើសុំគ្រឿងចក្រធុនធ្ងន់ ដូចជាអេស្កាវ៉ាទ័រ និងគ្រឿងម៉ាស៊ីនជាដើម ក្នុងការស្ដារតំបន់ដែលរងគ្រោះដោយទឹកជំនន់។ ប្រទេសនេះក៏បានស្នើសុំឧទ្ធម្ភាគចក្រ កងកម្លាំង និងបំណែកស្ពានដែលបានសាងសង់រួចពីអង្គការណាតូផងដែរ៕

