ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នាពេលខាងមុខនេះ គ.ជ.ប នឹងចាប់ផ្តើមរៀបចំនីតិវិធី និងបទបញ្ជា ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ BTV ឲ្យដឹងនៅថ្ងៃទី៩ ខែសីហានេះថា បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបែងចែកអាសនៈរបស់រដ្ឋសភារួចរាល់ជាស្ថាពរ គ.ជ.ប ចាប់ផ្តើមឈានចូលដំណាក់កាលត្រៀមលក្ខណៈសម្រាប់ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមបន្តថា ជាទូទៅផ្អែកតាមស្ថានភាពនយោបាយ និងបរិយាកាសសង្គម ការរៀបចំតាក់តែងនីតិវិធី និងបទបញ្ជា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធ មុនឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
ឯកឧត្តមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធាសភាពិតជាមានសារៈសំខាន់ ដោយសារសមាជិកព្រឹទ្ធសភាទាំងអស់មានតួនាទី តាមដាន និងត្រួតពិនិត្យបន្ថែមរាល់ការតាក់តែងច្បាប់ពីរដ្ឋសភាសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។
ឯកឧត្តម បន្ថែមថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ.ជ.ប នឹងទទួលការចុះបញ្ជីចូលរួមពីគ្រប់បណ្តាគណបក្សនយោបាយ ដែលជាសេចក្តីសម្រេច ឬសិទ្ធិស្វ័យសម្រេចរបស់គណបក្សនយោបាយនីមួយៗ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតនឹងចូលរួមជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង និងសមាជិករដ្ឋសភា ដែលសរុបចំនួនជាង១ម៉ឺននាក់ ៕ អត្ថបទ សេក ឧត្តម