អាល្លឺម៉ង់ ៖ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ទទួលបានការសន្យាផ្តល់នូវទឹកប្រាក់ចំនួន ៣,៥ពាន់លានអឺរ៉ូ (៣,៨ពាន់លានដុល្លារ) ដល់រោងចក្រមួយ ក្នុងប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រដំបូងគេបង្អស់នៅតំបន់អឺរ៉ុប ដោយទាញយកអត្ថប្រយោជន៍ពីការគាំទ្រពីរដ្ឋដ៏ធំសម្បើមនេះ សម្រាប់រោងចក្រតម្លៃ ១១ពាន់លានដុល្លារ ខណៈដែលទ្វីបនេះ ស្វែងរកការនាំយកខ្សែចង្វាក់ផ្គត់ផ្គង់មកកាន់ប្រទេសឲ្យកាន់តែកៀកទៅៗ។
រោងចក្រដែលនឹងក្លាយជារោងចក្រទី៣ របស់ក្រុមហ៊ុន TSMC នៅក្រៅមូលដ្ឋានផលិតកម្មដែលមានតាំងពីយូរយាណាស់មកហើយ នៅកោះតៃវ៉ាន់ និងប្រទេសចិន គឺជាមហិច្ឆតាចម្បងរបស់ទីក្រុងប៊ែរឡាំង ក្នុងការជំរុញឧស្សាហកម្មផលិតបន្ទះអេឡិកត្រូនិក ក្នុងស្រុក ខណៈឧស្សាហកម្មរថយន្តរបស់ខ្លួន នឹងត្រូវការការប្រកួតប្រជែងជាសកល។
មន្ត្រីអាល្លឺម៉ង់ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ដែលបានតាមអន្ទងក្រុមហ៊ុនផលិតតែបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោក ចាប់តាំងពីឆ្នាំ២០២១ មកនោះ នឹងជួយផ្ដល់ទឹកប្រាក់រហូតដល់ ៥ពាន់លានអឺរ៉ូដល់រោងចក្រ នៅក្នុងទីក្រុង Dresden ដែលជារដ្ឋធានីនៅភាគខាងកើតនៃរដ្ឋ Saxony។
ក្រុមហ៊ុន TSMC បានឲ្យដឹងថា ក្រុមហ៊ុននឹងដាក់ប្រាក់វិនិយោគរហូតដល់ ៣,៤៩៩ពាន់លានអឺរ៉ូ ទៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ គឺក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិករបស់អឺរ៉ុប ESMC ដែលក្នុងនោះ ក្រុមហ៊ុននឹងកាន់កាប់ភាគហ៊ុន ៧០ភាគរយ៕

