
សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ (ទី៩ ខែសីហា) នេះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសសូម៉ាលី ដោយមានការគាំទ្រពីដៃគូអន្តរជាតិ បានសម្លាប់ពួកសកម្មប្រយុទ្ធ al-Shabab ២៥នាក់ ក្នុងប្រតិបត្តិការដែលបានគ្រោងទុក នៅតំបន់ Hiran កាលពីថ្ងៃអង្គារ (ទី៧ ខែសីហា)។
សេចក្ដីរាយការណ៍នោះ បង្ហាញថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមេដឹកនាំនៃអង្គភាពដឹកជញ្ជូនរបស់ក្រុមនេះ។ សូមបញ្ជាក់ថា រដ្ឋាភិបាលសូម៉ាលី បាន និងកំពុងធ្វើសង្រ្គាមយ៉ាងប្ដូរផ្ដាច់ទល់នឹងក្រុមសកម្មប្រយុទ្ធ al-Shabab ចាប់តាំងពីប្រធានាធិបតី លោក Hassan Sheikh Mohamud ឡើងកាន់អំណាចក្នុងខែឧសភា ឆ្នាំ២០២២។
តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមនៅតែបន្តគ្រប់គ្រងលើផ្នែកខ្លះនៃតំបន់ជនបទភាគខាងត្បូង និងភាគកណ្តាលរបស់ប្រទេសសូម៉ាលី ហើយក្រុមនេះ ក៏នៅតែបន្តវាយប្រហារកម្រិតខ្ពស់ នៅរដ្ឋធានី Mogadishu និងតំបន់ផ្សេងទៀត បើទោះបីជាមានការវាយប្រហារខ្លាំងឡើងៗ ដោយកងកម្លាំងរដ្ឋាភិបាលក៏ដោយ៕