អាមេរិក៖ ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារុសកាលពីថ្ងៃពុធ (ទី៩ សីហា) ដោយបន្ថែមថា ខ្លួនកំពុងរៀបចំដាក់បុគ្គលចំនួន ៨រូប និងអង្គភាពចំនួន៥ ទៅក្នុងបញ្ជីមួយជុំវិញការចោទប្រកាន់ថា បានផ្តល់មូលនិធិដល់រដ្ឋាភិបាលបេឡារុស។
ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«វិធានការនេះ កំណត់គោលដៅទៅលើអង្គភាពមួយចំនួនដែលពាក់ព័ន្ធនឹងការបន្តការគាបសង្កត់សង្គមស៊ីវិលរបស់របបបេឡារុស ភាពស្មុគស្មាញនៅក្នុងសង្គ្រាមអយុត្តិធម៌របស់សហព័ន្ធរុស្ស៊ី នៅប្រទេសអ៊ុយក្រែន និងការពង្រឹងនៃរបបមេដឹកនាំបេឡារុសដែលផ្តាច់ការ គឺ លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko)។
លោកលូកាសិនកូ បានចោទប្រកាន់លោកខាងលិចម្តងហើយម្តងទៀតថា បានព្យាយាមផ្តួលរំលំរូបលោក បន្ទាប់ពីការតវ៉ាដ៏ធំប្រឆាំងនឹងការគ្រប់គ្រងរបស់គាត់ បានផ្ទុះឡើងក្នុងឆ្នាំ២០២០ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលក្រុមប្រឆាំង បាននិយាយថា គាត់បានឈ្នះឆ្នោតដោយការក្លែងបន្លំ។ លោកលូកាសិនកូ បាននិយាយថា គាត់បានឈ្នះដោយយុត្តិធម៌ ខណៈពេលដែលបានធ្វើការបង្រ្កាបជាទូទៅទៅលើក្រុមប្រឆាំងរបស់លោក។
ទណ្ឌកម្មរបស់លោកខាងលិច ត្រូវបានដាក់លើប្រទេសបេឡារុស ក្នុងរយៈពេលជាច្រើនឆ្នាំទាក់ទងនឹងការបង្រ្កាបដែលត្រូវបានចោទប្រកាន់ និងការក្លែងបន្លំការបោះឆ្នោត។ ទីក្រុងមីនស្ក៍ (Minsk) ក៏បានអនុញ្ញាតឲ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបញ្ជូនទ័ពចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

