ក្លឹបបាល់ទាត់នៅក្របខណ្ឌ English Premier League បានចំណាយប្រាក់ជាង ១ ពាន់លានផោន (១.៣ ពាន់លានដុល្លារ) ហើយគិតមកដល់ពេលនេះ ដើម្បីនាំយកកីឡាករចំនូលថ្មីដើម្បីពង្រឹងក្រុមរបស់ខ្លួនមុនរដូវកាលថ្មីខាងមុខ។
ត្រឹមពេលនេះ ជាក្រុមឈានមុខគេដោយចំណាយប្រាក់ជាង ២០០ លានផោនលើ Declan Rice, Kai Havertz និង Jurrien Timber ខណៈដែលពួកគេមានគោលបំណងផ្តួលក្រុមការពារជើងឯក Manchester City ។
Manchester United, Newcastle, Liverpool និង Chelsea ក៏មមាញឹកនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីប្រជែងតំណែង Top4 ផងដែរ
ប៉ុន្តែក្រុមជើងឯក ៣ ពាន Man City នៅតែជាក្រុមដែលអាចយកឈ្នះបាន ខណៈដែលពួកគេដាក់គោលដៅឈ្នះជើងឯកលីគកំពូលអង់គ្លេសជាប្រវត្តិសាស្ត្រជាលើកទីបួនជាប់ៗគ្នា។
ខាងក្រោមជាកីឡាករចំនូលថ្មី ៥ នាក់ដែលជាទីចាប់អារម្មណ៍ និងគួរតាមដានរដូវកាលថ្មីនេះ៖

- Declan Rice (Arsenal)
Arsenal គឺជាក្រុមប្រជែងជើងឯកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទល់នឹង Manchester City រដូវកាលមុន បន្ទាប់ពីនាំមុខគេស្ទើពេញមួយរដូវកាល មុនពេលក្រឡាប់ចាក់ប៉ុន្មានប្រកួតចុងក្រោយ។
ខ្សែបម្រើអង់គ្លេស Declan Rice បានមកដល់ទឹកដី Emirate ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាអង់គ្លេស ១០៥ លានផោន បន្ទាប់ពីក្រុមរបស់ Mikel Arteta ដណ្តើមបានពីការប្រជែងទិញដោយ Manchester City ផងដែរ។
ជាមួយនឹងតម្លៃផ្ទេរកប់ពពក ក្តីរំពឹងរបស់ក្លិប និងអ្នកគាំទ្រ ក៏ដូចជាភ្នែកទស្សនាបាល់ទាត់ក៏ទន្ទឹងរង់ចាំសក្តានុពលភាពរបស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។

- Rasmus Hojlund (Manchester United)
តាមពិតទៅ Manchester United មានគោលដៅដំបូងគឺចង់បានខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកកាន់ Old Trafford តែការចរចាយកខ្សែប្រយុទ្ធរូបនេះពី Spurs មានសភាពស្មុគស្មាញ ដែលធ្វើឱ្យ Man United ផ្លាស់ប្តូរគោលដៅមករកកីឡាករវ័យ ២០ ឆ្នាំដាណឺម៉ាក Rasmus Hojlund វិញ។
តម្លៃនៃការផ្ទេរ Rasmus Hojlund ពី Atalanta គឺ ៦៤ លានផោន ដែលជាការវិនិយោគចំណេញកប់ក្តោងរបស់ Atalanta ដែលទិញ Hojlund ពីក្លិបអូទ្រីស Sturm Graz រដូវកាលមុខត្រឹម ១៧លានផោន។
កីឡាករវ័យ ២០ ឆ្នាំរូបនេះស៊ុតបញ្ចូលទី ៩ គ្រាប់ក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Serie A តែ ៦ គ្រាប់ផ្សេងទៀតជាមួយក្រុមជម្រើសជាតិដាណឺម៉ាកពិតជាបានបង្ហាញការចាប់អារម្មណ៍សម្រាប់ Manchester United ដែលមាន Christian Eriksen ជាអ្នកណែនាំ។

- Josko Gvardiol (Manchester City)
Manchester City មិនឆ្អែតឆ្អន់ឡើយក្នុងការប្រជែងជើងឯក ដោយគោលដៅរបស់ពួកគេគឺដណ្តើមពាន EPL បួនរដូវកាលជាប់គ្នា ដូច្នេះខ្ទង់ចំណាយនៅតែបើកបន្ទាប់ពីនាំយកខ្សែការពារក្រូអាស៊ី Josko Gvardiol ពីក្លិបអាល្លឺម៉ង់ Leipzig ក្នុងតម្លៃ ៧៨ លានផោន។
ទម្រង់លេងដ៏គួរឱ្យទាក់ភ្នែករបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ គឺនៅពេលជួយក្រុមក្រូអាស៊ីនៅ World Cup 2022 ទឹកដីកាតាឆ្នាំមុនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

- Dominik Szoboszlai (Liverpool)
Liverpool បញ្ចប់រដូវកាលមុនដោយការខកចិត្តនៅលំដាប់លេខ ៥ ខកខានមិនបានលេងនៅ UCL ស្របពេ ដែលខ្សែបម្រើជាច្រើនចាកចេញទៀតនោះ Liverpool បាននាំយកកីឡាករហុងគ្រី Dominik Szoboszlai ពី Leipzig តម្លៃ ៦០ លានផោន។
Jordan Henderson, Fabinho, Naby Keita, Alex Olade-Chamberlain សុទ្ធតែចាកចេញ ហើយនៅពេលនេះក្រុមរបស់លោក Jurgen Klopp មានខ្សែបម្រើថ្មីច្រឺងទាំងពីរនាក់គឺ Szoboszlai និង Alexis Mac Allister។
កីឡាករវ័យ ២២ ឆ្នាំ Szoboszlai ស៊ុតបញ្ចូលទីបាន ២០ គ្រាប់និង ២២ បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ៩១ ប្រកួតឱ្យក្លិបអាល្លឺម៉ង់ RB Leipzig។

- Sandro Tonali (Newcastle)
ទឹកប្រាក់បានស្រោចលើកីឡាករ Premier League ក្នុងការផ្ទេរទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត មួយរយៈចុងក្រោយនេះ តែ Newcastle ដែលស្ថិតក្រោមការវិនិយោគដោយអារ៉ាប៊ីសាអ៊ូឌីតដែរនោះ មិនជះឥទ្ធិពលប៉ុន្មានទេ។
Newcastle ដែលនឹងត្រលប់មកបង្ហាញខ្លួននៅ UEFA Champions League វិញនោះក៏បានចាយលុយច្រើនដែរក្នុងការនាំយកកីឡាករចំនូលថ្មីមកពង្រឹងក្រុម។
គិតមកទល់ពេលនេះ Newcastle បានចំណាយជាង ១០០ លានផោនផងដែរ ដែលក្នុងនោះថ្លៃជាងគេគឺខ្សែបម្រើអ៊ីតាលីSandro Tonali ពី AC Milan តម្លៃ ៦០ លានផោន។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាកំលាំងស្នូលខ្វះមិនបានរបស់ AC Milan ក្នុងការប្រជែងឈ្នះជើងឯកអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល ១១ ឆ្នាំកាលពីឆ្នាំ ២០២២ និងជាសមាជិកសំខាន់ដែលនាំ AC Milan ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ