លីបង់៖ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មនុស្ស២នាក់ បានសម្លាប់កាលពីថ្ងៃពុធ (៩ សីហា) នៅក្នុងការប៉ះទង្គិចគ្នារវាងសមាជិកនៃក្រុមប្រដាប់អាវុធ ស៊ីអ៊ីថេ ហេសបូឡា (Shi'ite Hezbollah) និងក្រុមអ្នកស្រុកនៃទីក្រុងគ្រិស្តសាសនា បន្ទាប់ពីអ្នកស្រុកបានឡោមព័ទ្ធរថយន្តដឹកទំនិញដែលបានក្រឡាប់មួយគ្រឿង។
ទូរទស្សន៍លីបង់ Al-Jadeed បានចាក់ផ្សាយវីដេអូពី ក្រុមបុរសស្លៀកពាក់ស៊ីវិលបាញ់កាំភ្លើងនៅតាមផ្លូវ។ ក្រោយមកពួកគេបានបង្ហាញពី កងទ័ពលីបង់ដែលបានដាក់ពង្រាយជុំវិញរថយន្តដឹកទំនិញនោះនៅពេលយប់ ខណៈរថយន្តស្ទូចមួយគ្រឿងបានទាញយកប្រអប់ឈើចេញពីរថយន្តនោះ។ អ្នកស្រុកជាច្រើនក្រុមធំបានប្រមូលផ្តុំគ្នា ដោយមានមនុស្សជាច្រើនប្រាប់អ្នកផ្សាយព័ត៌មានថា ពួកគេមានបំណងបិទផ្លូវ។
ប្រភពនោះបាននិយាយថា រថយន្តដឹកទំនិញបានក្រឡាប់នៅលើផ្លូវចុះចំណោតក្បែរទីក្រុងភ្នំ កាហាឡេ (Kahaleh) កាលពីល្ងាចថ្ងៃពុធ ហើយអ្នកស្រុកបានបិទផ្លូវជុំវិញនោះយ៉ាងលឿន។
ប្រភពសន្តិសុខម្នាក់បាននិយាយថា រថយន្តដឹកទំនិញនោះជាកម្មសិទ្ធិរបស់ក្រុម ហេសបូឡា ហើយម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាសមាជិកនៃក្រុមនោះ ខណៈអ្នកទីពីរជាពលរដ្ឋកាន់សាសនាគ្រឹស្តរស់នៅក្នុងទីក្រុង។ ប្រភពទាំងនោះមិនអាចផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃរថយន្តនោះបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុម ហេសបូឡា ផងដែរ៕

