ចិន៖ រដ្ឋធានីប៉េកាំង ប្រទេសចិន គ្រោងនឹងចំណាយពេល៣ឆ្នាំខាងមុខ ដើម្បីស្តារក្រុងឡើងវិញយ៉ាងពេញលេញពីផលប៉ះពាល់នៃភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានវាយលុកទីក្រុងនេះចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី២ ខែសីហា ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់ និងមនុស្ស១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមក្រុមអាជ្ញាធរក្រុងកាលពីថ្ងៃពុធ។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងការងារសង្គ្រោះចុងក្រោយបង្អស់នៅក្នុងទីក្រុង អភិបាលរងក្រុងប៉េកាំងលោក សៀ លីនម៉ៅ (Xia Linmao) បានបង្ហាញពីផែនការដ៏ទូលំទូលាយរបស់ទីក្រុង ក្នុងការការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ និងតាមដានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
យោងតាមលោក សៀ បានឲ្យដឹងថា ផែនការនេះពាក់ព័ន្ធនឹងវិធីសាស្រ្ត៣យ៉ាងគឺ ការងើបឡើងវិញជាមូលដ្ឋានក្នុងរយៈពេលមួយឆ្នាំ ការកែលម្អយ៉ាងទូលំទូលាយក្នុងរយៈពេលបីឆ្នាំ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមក្រុមមន្ត្រីក្រុងប៉េកាំង បានឲ្យដឹងថា ភ្លៀងធ្លាក់ដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំនោះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
ក្រុមជួយសង្គ្រោះប្រហែល៣០.០០០នាក់បានចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយនៅរដ្ឋធានីប៉េកាំង។ យោងតាមក្រុមអាជ្ញាធរក្រុងបានឱ្យដឹងថា ផ្លូវទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៃស្រុកម៉ិនថូវហ្គូវ និងស្រុកហ្វាងសាន ត្រូវបានស្តារឡើងវិញជាបណ្តើរៗ ហើយទីក្រុងកំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបន្តការផ្គត់ផ្គង់ទឹក ថាមពល និងសេវាទូរគមនាគមន៍នៅកន្លែងទាំងនោះឡើងវិញ៕

