កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសពីការរកឃើញមនុស្សរហូតដល់ទៅ ៨៤នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ប៉ះពាល់កម្មការិនីដែលបានឆ្លងមេរោគនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៨៤នាក់នេះ ត្រូវបានរកឃើញលើស្ត្រីរហូតដល់ ៧៩នាក់ និង ៥នាក់ទៀតត្រូវបានរកឃើញលើបុរស។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា លទ្ធផលនេះបានមកពីការធ្វើតេស្តលើសំណាកដែលមន្ត្រីសុខាភិបាលប្រមូលបានពីមនុស្ស ៨៧៤នាក់កាលពីថ្ងៃម្សិលមិញនេះ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម មនុស្សទាំង ៨៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ហើយអាជ្ញាធរកំពុងស្រាវជ្រាវរកមនុស្សពាក់ព័ន្ធជាច្រើនទៀត ដើម្បីធ្វើតេស្តសំណាក និងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព។ គិតមកត្រឹមថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ចំនួន ៣៥៤នាក់ហើយកំពុងស្ថិតក្រោមការព្យាបាលនៅក្នុងខេត្តកំពង់ចាម៕
