
ក្រុមមន្ត្រី បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) នេះ ថា អាជ្ញាធរជប៉ុន កំពុងរៀបចំវិធានការគ្រប់គ្រងមនុស្សដ៏ណែនណាន់តាន់តាប់ជាលើកដំបូងនៅលើភ្នំហ្វូជី (Fuji) នៅចុងសប្តាហ៍នេះ សម្រាប់ការសម្រុកយ៉ាងប្រញាប់ប្រញាល់ នៅថ្ងៃឈប់សម្រាក ដោយអ្នកដើរលេងថ្មើរជើងរាប់ពាន់នាក់ ដែលពេលខ្លះមិនបានរៀបចំខ្លួនមកដោយសមរម្យនោះទេ។
ភ្នំភ្លើងដែលគ្របដណ្ដប់ដោយព្រិលដ៏ល្បីល្បាញ នៅខាងក្រៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន គឺបើកចំហសម្រាប់អ្នកឡើងភ្នំ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ដោយទាក់ទាញបានមនុស្សរាប់សែននាក់ ដែលតែងតែដើរលេងពេញមួយយប់ ដើម្បីចាំមើលថ្ងៃរះ។
ចំនួនអ្នកមកលេងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក៏គួបផ្សំនឹងការត្រលប់មកវិញនៃភ្ញៀវទេសចរបរទេស បន្ទាប់ពីការរឹតបន្តឹងទប់ស្កាត់ជំងឺរាតត្បាត ត្រូវបានដកចេញ ហើយថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ដោយរថយន្តក្រុង រថភ្លើង និងសណ្ឋាគារ ត្រូវបានកក់ទុកមុនជាច្រើនសប្តាហ៍។
ជាមួយគ្នានេះ ចំនួនមនុស្សឡើងភ្នំភ្លើងដ៏សកម្មកម្ពស់ ៣,៧៧៦ម៉ែត្រនេះ ក៏អាចមានច្រើនខ្លាំងជាងពេលធម្មតាផងដែរ ដោយសារតែនេះជាខួបលើកទី១០ នៃការដាក់បញ្ចូលកំពូលភ្នំនេះជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។
ទិន្នន័យផ្លូវការបង្ហាញថា កាលពីខែមុន អ្នកឡើងភ្នំប្រហែល ៦៥.០០០នាក់ បានមកឡើងភ្នំនេះ ដែលនេះ ជាចំនួនកើនឡើងប្រហែល ១៧ភាគរយ ធៀបនឹងកម្រិត នៅមុនមានការរាតត្បាតពីជំងឺ ឆ្នាំ២០១៩៕