អេក្វាឌ័រ៖ នគរបាលអេក្វាឌ័រ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិបរទេសចំនួន៦នាក់ ដែលត្រូវបានឃុំខ្លួនសម្រាប់ការពាក់ព័ន្ធរបស់ពួកគេ ក្នុងការធ្វើឃាត បេក្ខជនប្រធានាធិបតី អេក្វាឌ័រលោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio)គឺជាជនជាតិកូឡុំប៊ី ។
ដំបូងឡើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក វ៉ាន់ ហ្សាផាតា(Juan Zapata) បានចង្អុលបង្ហញថា ជនសង្ស័យទាំងអស់ក្នុងករណីបាញ់សម្លាប់លោក វីឡាវីសេនស៊ីយ៉ូ គឺជាជនបរទេសទាំងអស់។
លោក វីឡាវីសេនស៊ីយ៉ូ ដែលជាអ្នករិះគន់ដ៏ចាស់ដៃមួយរូប លើអំពើពុករលួយ និងឧក្រិដ្ឋកម្មដែលបានរៀបចំ ត្រូវបានគេបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍ជួបជុំយុទ្ធនាការបោះឆ្នោតកាលពីល្ងាចថ្ងៃពុធ នៅក្រសួងអប់រំក្នុងរដ្ឋធានីគីតូ ភាគខាងជើង។
ជនសង្ស័យទី៧ម្នាក់ ដែលបានស្លាប់កាលពីថ្ងៃពុធដោយសាររបួសគ្រាប់កាំភ្លើងក្នុងពេលបាញ់តបតជាមួយនគរបាលក៏ជាជនជាតិកូឡុំប៊ី ដែរ។
ការជាប់ពាក់ព័ន្ធរបស់ជនជាតិកូឡុំប៊ីទាំងនេះ ក្នុងឃាតកម្មពេលនេះ ធ្វើឲ្យគេនឹកឃើញដល់ការស្លាប់របស់លោកប្រធានាធិបតីហៃទី ចូវ៉េណេល ម័រអ៊ីស(Jovenel Moise) ដែលត្រូវបានធ្វើឃាតដល់ក្នុងផ្ទះរបស់លោកដោយមនុស្សមួយក្រុមដែលរួមទាំងជនជាតិកូឡុំប៊ី ចំនួន២៦នាក់ និងជនជាតិហៃទីមានសញ្ជាតិអាមេរិកចំនួន២នាក់ ផងដែរ៕

