អាមេរិក៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានឱកាសច្រើនជាង៩៥% ដែលលក្ខខណ្ឌបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នឹងគ្របដណ្ដប់ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើឱ្យហានិភ័យនៃរលកកម្ដៅ និងទឹកជំនន់នៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ។ ទីភ្នាក់ងារនោះក៏រំពឹងថា នឹងមានរដូវព្យុះអាត្លង់ទិកដ៏គ្រោះថ្នាក់បន្ថែមទៀតនៅឆ្នាំនេះ ដោយបង្កើនចក្ខុវិស័យព្យុះសង្ឃរាអាត្លង់ទិច ដោយសារតែសីតុណ្ហភាពខ្ពស់លើផ្ទៃសមុទ្រផងដែរ។
បាតុភូតអាកាសធាតុ ដែលជាការឡើងកំដៅនៃសីតុណ្ហភាពផ្ទៃខាងលើមហាសមុទ្រនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក កំពុងជំរុញឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោករួចទៅហើយ ដោយហានិភ័យត្រូវបានគេមើលឃើញថាខ្ពស់ជាងមុន សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ដែលប្រឈមនឹងការប្រែប្រួលតម្លៃអាហារ ព្រមទាំងថាមពលផងដែរ។
ការរំពឹងទុកចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ (CPC) បានឡើងខ្ពស់បន្តិចពីខែកក្កដា ដែលពេលនោះទីភ្នាក់ងារនេះព្យាករណ៍ថា មានឱកាស៩០% នៃបាតុភូតនេះបន្តរហូតដល់រដូវរងា។
កាលពីព្រឹកថ្ងៃដដែលនោះ ការិយាល័យអាកាសធាតុរបស់ប្រទេសជប៉ុនបានព្យាករណ៍ថា ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ ឆ្លងកាត់រដូវរងាអឌ្ឍគោលខាងជើងគឺមានកម្រិត៩០%។ អង្គការឧតុនិយមពិភពលោកបានព្រមានកាលពីខែឧសភាថា បាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ អាចរួមចំណែកដល់កំណើននៃសីតុណ្ហភាពពិភពលោកផងដែរ៕

