ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅខេត្ត Hebei ប្រទេសចិន ភាគខាងជើង បានកើនឡើងដល់ ២៩នាក់ បន្ទាប់ពីភ្លៀងធ្លាក់ហួសពីកំណត់ត្រាធ្លាក់មកលើតំបន់នេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីរបស់អាជ្ញាធរថា គិតត្រឹមថ្ងៃទី១០ ខែសីហាមនុស្ស២៩នាក់បានស្លាប់ ដោយសារគ្រោះមហន្តរាយ នៅក្នុងខេត្ត Hebei ដែល៦នាក់ក្នុងចំណោមនេះ បានបាត់ខ្លួនកាលពីពេលមុន។ នៅមានមនុស្ស១៦នាក់ផ្សេងទៀតបាត់ខ្លួន។
អាជ្ញាធរបាននិយាយកាលពីដើមសប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់៣៣នាក់ បានស្លាប់នៅក្នុងទីក្រុងប៉េកាំង បណ្តាលមកពីព្យុះភ្លៀងខ្លាំង ដែលបានវាយប្រហារកាលពីចុងខែកន្លងទៅនេះ រួមមានទាំងបុគ្គលិកជួយសង្គ្រោះ២នាក់ ហើយមនុស្សជាង១០នាក់ទៀតបានស្លាប់នៅខេត្ត Jilin ភាគឦសាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពិសប្តាហ៍មុន។
នៅតាមដងផ្លូវនានា នៅផ្នែកជាច្រើននៃខេត្ត Hebie ដែលមានព្រំប្រទល់ជាប់រដ្ឋធានីនៅតែមានដីល្បាប់ នៅពេលដែល សារព័ត៌មាន AFP បានចុះទៅដល់កាលពីថ្ងៃពុធ។
ពលរដ្ឋក្នុងតំបន់ កំពុងប្រញាប់ប្រញាល់ស្តារឡើងវិញទ្រព្យសម្បត្តិដែលលិចក្នុងទឹក និងសម្អាតលំនៅឋានដែលត្រូវបានបំផ្លាញ។ មនុស្សរាប់លាននាក់បានទទួលរងដោយព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងនិងរលកកម្តៅដែលបានអូសបន្លាយពេលនៅជុំវិញពិភពលោកនៅក្នុងសប្តាហ៍ថ្មីៗនេះ ជាព្រឹត្តិការណ៍ដែលអ្នកវិទ្យសាស្ត្រនិយាយថាកំពុងធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយបម្រែបម្រួលអាកាសធាតុ៕

