
ក្រុមសកម្មជនប្រឆាំង បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមខ្មាន់កាំភ្លើង បានពួនស្ទាក់វាយឆ្មក់លើរថយន្តក្រុងដែលដឹកទាហានស៊ីរីនៅភាគខាងកើតនៃប្រទេសនេះ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ និងជាច្រើននាក់ផេ្សងទៀតរងរបួស។
ការវាយប្រហារនៅយប់ថ្ងៃព្រហស្បតិ៍ ត្រូវបានគេជឿថា ធ្វើឡើងដោយសមាជិកនៃក្រុមរដ្ឋឥស្លាម ដែលមានក្រុមសម្ងាត់ជាច្រើនទៀតនៅផ្នែកខ្លះនៃប្រទេសស៊ីរី នៅតែធ្វើការវាយប្រហារយ៉ាងសាហាវ បើទោះបីជាពួកគេបរាជ័យក្នុងឆ្នាំ២០១៩ក្តី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ទាហានស៊ីរី ២៣ នាក់ ត្រូវបានសម្លាប់ និង ១០នាក់ បានរងរបួសនៅក្នុងការវាយប្រហារនៅលើផ្លូវវាលខ្សាច់ក្បែរទីក្រុង ម៉ាយ៉ាឌីន (Mayadeen) ភាគខាងកើតនៃខេត្តដេអែលហ្សួ (Deir el-Zour) ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ាក់។
ក្រុមកសកម្មជនមួយទៀតដែលតាមយកព័ត៌មាននៅភាគខាងកើតស៊ីរី បាននិយាយថា ទាហាន២០នាក់ត្រូវបានសម្លាប់ និងអ្នកផ្សេងទៀត រងរបួស។