ការិយាល័យគ្រឿងញៀនកណ្តាល (CNB) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសៅរ៍ (ទី១២ ខែសីហា)នេះថា បុរស៤៩នាក់ ត្រូវបានចាប់ខ្លួននៅក្នុងវីឡាសណ្ឋាគារមួយនៅកោះសេនតូសា (Sentosa) ពីបទសង្ស័យថា បានប្រព្រឹត្តបទល្មើសគ្រឿងញៀន បន្ទាប់ពីប្រតិបត្តិការរបស់នគរបាល។
ដោយចាត់វិធានការតាមព័ត៌មានដែលគេផ្តល់ឲ្យ នគរបាលបានចុះឆែកឆេរនៅវីឡានោះ កាលពីព្រឹកថ្ងៃពុធ ហើយបានរកឃើញសារធាតុញៀនដែលបានគ្រប់គ្រងក្នុងបរិវេណនោះ។ ក្រុមមន្ត្រីCNB ត្រូវបានហៅជាបន្តបន្ទាប់ឲ្យទៅកាន់កន្លែងកើតហេតុនោះ។
វត្ថុតាងដែលរឹបអូសបាន រួមមានគ្រឿងញៀនធ្វើឲ្យមានអារម្មណ៍សប្បាយ (ecstasy) សមាសធាតុសំយោគដែលប្រើជាថ្នាំស្ពឹក និងថ្នាំបំបាត់ការឈឺចាប់ (ketamine) និងសម្ភារៈប្រើប្រាស់គ្រឿងញៀន។
ក្នុងចំណោមរូបថតចែកជូនដោយCNB គឺជារូបភាពនៃការអញ្ជើញទៅចូលពិធីជប់លៀងដែលគេជឿថា ត្រូវបានរៀបចំតាមរយៈកម្មវិធីក្រុមជជែកសម្ងាត់។
