ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងគិតពីសុវត្តិភាពអ្នកជំងឺ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បាននាំយក គ្រឿងសម្ភារៈបរិក្ខាពេទ្យមួយចំនួនបំរើដល់វិស័យសុខាភិបាលប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីបែងចែកទៅកាន់មន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពនានាក្នុងខេត្តប្រើប្រាស់។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដឹកនាំដោយ លោកទន្តបណ្ឌិត ហ៊ ស៊ីផាន បាននាំយកសំភារបរិក្ខាពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី មកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចាត់ចែងប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត។
លោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ប្រធាន និងអនុប្រធានសមាគមន៍ ជូនដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតផងដែរ។ លោកទន្តបណ្ឌិតបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងគិតពីសុវត្តិភាពអ្នកជំងឺ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវតែងតែផ្តោតសំខាន់លើការប្រើប្រាស់សម្ភារ និងគ្រឿងបរិក្ខាដែលបំរើដល់វិស័យសុខាភិបាលឲ្យប្រកបដោយគុណភាព និងសុវត្តិភាពខ្ពស់ ហើយលោកទាំងពីរតែងតែបានផ្តល់នូវសម្ភារៈបរិក្ខាពេទ្យជូនដល់រដ្ឋបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកដល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលបានផ្តលនូវសម្ភារៈបរិក្ខាពេទ្យទាំងនេះ និងថាក្រោយពីទទួលបានសម្ភារៈបរិក្ខាពេទ្យនេះហើយ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកសម្ភារៈបរិក្ខាទាំងអស់នោះទៅកាន់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ។
សម្ភារៈដែលប្រគល់ជូនណាពេលនេះរួមមាន៖ សម្ភារថែទាំអ្នកជំងឺ, សម្ភារជំនួយមន្ទីរពិសោធន៍, សម្ភារជំនួយវះកាត់ សម្ភារជំនួយផ្លូវដង្ហើម, សម្ភារបរិក្ខារផ្សេងៗ ២០០ប្រអប់, អាវពេទ្យ ២,៤០០អាវ, ខ្នើយកើយ ១០០, ស្រោមដៃ ២៥.០០០, អាវអ្នកជំងឺ ៣.០០០អាវ, អាវកំរិត ២៧.៥០០អាវ, ជើងរៀនដើរចំនួន ១២០ និងគ្រែពិនិត្យរោគស្ត្រី ចំនួន ១ ផងដែរ៕ អត្ថបទ៖ អន សារឹម







