ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម វ៉ាង យី បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពី ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាជាច្រើនដងហើយៗជារៀងរាល់ដងដែលបានមកដល់កម្ពុជា ឯកឧត្តមបានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះជាសក្ខីភាពទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្ម យ៉ាងទំនើប។ ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាជនលើស៨០%។ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាហើយឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ខែកក្កដា កន្លងទៅ គឺយុត្តិធម៌ តម្លាភាព និងស្របច្បាប់។ ប្រជាជនជាង៨០% បានទៅបោះឆ្នោត ដែលនោះសបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញ ប្រជាជនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នោះសឱ្យឃើញថា ប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំបន្តទៀត។ ឯកឧត្តមថា ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។ ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី សូមគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើង កាន់តែធំធាត់ ជាពិសេសកម្ពុជាកាន់តែមានភាពរុងរឿងឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត ផងដែរ។ សម្ដេចបានថ្លែង អំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ចំពោះពាក្យពេចន៍ដ៏ល្អ ជាពិសេសការគាំទ្រ របស់មិត្តចិន។ សម្ដេចតេជោបាន មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោត ហើយការគាំទ្រ រហូតដល់ទៅ៨៤% គឺជាការអបអរសាទរ។
គួរបញ្ជាក់ថា ឯកឧត្តម វ៉ាង យី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃទី១២សីហាម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៕

