បង់ក្លាដេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ និងមនុស្សជាង១លាននាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល២សប្តាហ៍ បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅប្រទេសបង់ក្លាដេសភាគអាគ្នេយ៍។ រដ្ឋបាលស្រុកដែលរងគ្រោះខ្លាំងបំផុតចំនួន៤ស្រុក បាននិយាយថា ទឹកជំនន់ និងបំណាក់ដី ចាប់តាំងពីថ្ងៃទី១ ខែសីហា បានបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់នៅតំបន់Cox's Bazar ១៩នាក់នៅក្រុងChittagong ១០នាក់នៅក្រុងBandarban និង៥នាក់នៅក្រុង Rangamati ។
ប្រធាននាយកដ្ឋានឧតុនិយមប្រទេសបង់ក្លាដេស លោក Azizur Rahman បានប្រាប់សារព័ត៌មាន AFP ថា តំបន់ទាំងនេះមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំង បានធ្លាក់នៅក្នុងតំបន់រហូតដល់ថ្ងៃទី១១ ខែសីហា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ដែលបានបង្កឲ្យទឹកទន្លេពេញហៀរច្រាំង និងបានជនលិចភូមិរាប់រយ។
វាអាចបញ្ជាក់បានថាតើមនុស្សប៉ុន្មាននាក់បានស្លាប់បន្ទាប់ពីទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញ។ រដូវកាលភ្លៀងមូសុងនៅរដូវក្តៅ បាននាំមកដល់នៅអាស៊ីខាងត្បូងប្រមាណ៨០ភាគរយនៃភ្លៀងធ្លាក់ប្រចាំឆ្នាំ ព្រមទាំងបណ្តាលឲ្យមានអ្នកស្លាប់និងការបំផ្លាញដោយសារតែការជន់លិចនិងបំណាក់ដី។ ភ្លៀងធ្លាក់ខ្លាំងពិបាកក្នុងការព្យាករណ៍ និងមានការប្រែប្រួលច្រើន ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យរដូវភ្លៀងមូសុងកាន់តែខ្លាំងឡើងនិងមិនទៀងទាត់ច្រើន ខណៈការកាប់បំផ្លាញព្រៃឈើ និងការសាងសង់នៅតាមជើងភ្នំ បានធ្វើឲ្យមានទឹកជំនន់ភ្លាមៗ កាន់តែធ្ងន់ធ្ងរឡើង។

