ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការផ្ទេរខ្សែបម្រើអេក្វាដ័រ Moises Caicedo ពី Brighton ក្នុងតម្លៃបំបែកកំណត់ត្រាអង់គ្លេស ១១៥ លានផោន។
ការហ៊ានឱ្យថ្លៃដល់ ១១៥ លានផោនរបស់ Chelsea នេះ គឺបានយកឈ្នះគូប្រជែង Liverpool ដែលដំបូងបានយល់ព្រមក្នុងតម្លៃ ១១១ លានផោនជាមួយ Brighton កាលពីថ្ងៃសុក្រ។
កីឡាករវ័យ ២១ ឆ្នាំរូបនេះធ្លាប់បាននិយាយហើយថា គោលបំណងរបស់គេគឺចង់ផ្លាស់មកកាន់ Chelsea តែមួយគត់។
ប្រសិនបើ Moises Caicedo ផ្លាស់មកកាន់ Chelsea ក្នុងតម្លៃនេះមែននោះ មានន័យថា ក្លិបបាល់ទាត់នៅទីក្រុងឡុងដ៍មួយនេះ បំបែកកំណត់ត្រាផ្ទេរថ្លៃបំផុតនៅអង់គ្លេស ២ លើកក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពី Enzo Fernandez ដែលផ្លាស់ពី Benfica តម្លៃ ១០៧ លានផោនកាលពីខែមករា។
រំលឹកថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លានផោនប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវបានបញ្ចេញឱ្យក្លិបនៅប៊ែលហ្ស៊ិកខ្ចី។
Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំងពីពេលនោះមកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ
