ស៊ូដង់៖ សាក្សីបាននិយាយថា អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនីយ៉ាឡា( Nyala) ភាគខាងលិចប្រទេសស៊ូដង់ និងកន្លែងផ្សេងទៀតក្នុងរដ្ឋដាហ្វួរខាងត្បូង(South Darfur) កាលពីថ្ងៃអាទិត្យ ដោយគំរាមកំហែងវាយលុកតំបន់នេះនៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃរបស់ប្រទេសស៊ូដង់។
ជម្លោះនេះបានបង្កឲ្យមានការប្រយុទ្ធគ្នារាល់ថ្ងៃ នៅតាមផ្លូវនានាក្នុងរដ្ឋធានៅខាទុំ (Khartoum) ជាការកម្រើកឡើងវិញនៃការវាយប្រហារដែលមានគោលដៅជនជាតិភាគតិចនៅក្នុងរដ្ឋដាហ្វួរខាងលិច និងការផ្លាស់ទីលំនៅរបស់មនុស្សជាង៤លាននាក់នៅក្នុងប្រទេសស៊ូដង់ និងឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលទៅកាន់ប្រទេសឆាដ អេហ្ស៊ីប ស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀត ។
ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុង នីយ៉ាឡា ដែលជាទីក្រុងធំជាងគេទីពីររបស់ប្រទេសនេះ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់តំបន់ Darfur ដ៏ផុយស្រួយ។
សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្ទុះអាវុធចុងក្រោយបំផុតមានរយៈពេលបីថ្ងៃ ដោយទាំងកងទ័ព និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) បានបាញ់កាំភ្លើងធំចូលទៅក្នុងសង្កាត់លំនៅដ្ឋាន។ ការប្រយុទ្ធគ្នាបានបំផ្លិចបណ្តាញអគ្គិសនី ទឹក និងទូរគមនាគមន៍។
យោងតាមសមាគមន៍មេធាវីដាហ្វួរ (Darfur Bar Association) ដែលជាក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់កាលពីថ្ងៃសៅរ៍តែមួយថ្ងៃប៉ុណ្ណោះ៕

