បាល់ទាត់៖ រយៈពេល ៤៥៩ថ្ងៃដែលអ្នកគាំទ្រ Manchester City អវត្តមានពីកីឡដ្ឋាន Etihad ហើយការវិលត្រលប់របស់ពួកគេ បើទោះជាក្នុងចំនួនកំណត់តែបានក្លាយជាអនុស្សាវរីយ៍ដ៏ល្អមួយ ក្នុងឱកាសលើកពាន English Premier League។

នេះជាពាន English Premier League លើកទី៥ ក្នុងរយៈពេល ១០រដូវកាលចុងក្រោយ និងជាលើកទី៣ ក្រោមការដឹកនាំរបស់ Pep Guardiola តាំងពីមកដឹកនាំនៅឆ្នាំ២០១៦។ ជាថ្ងៃដែលពួកគេសប្បាយរីករាយ ក៏ជាថ្ងៃដែលត្រូវលាខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែរបន្ទាប់ពីចំណាយពេល ១០ឆ្នាំឈ្នះពាន English Premier League ៥លើកជាមួយ Manchester City ឈ្នះពាន FA Cup ១លើក, League Cup ៣លើក និង Community Shield ៣លើក។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការ Pep Guardiola ថានឹងផ្ទេរទៅកាន់ Barcelona ឆាប់ៗនេះ ហើយសារព័ត៌មានអេស្ប៉ាញក៏បានចុះផ្សាយដែរថា Aguero នឹងទទួលបានកិច្ចសន្យា ២ឆ្នាំនៅ Nou Camp។
Sergio Aguero បានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងជ័យជំនះ ៥-០ លើ Everton សប្តាហ៍ចុងក្រោយបិទរដូវកាលដែលជាគ្រាប់ទី ១៨៤ នៅ Premier League ជាមួយ Manchester City និងបានយកឈ្នះស្ថិតិរបស់ Wayne Rooney ដែលស៊ុតបាន ១៨៣គ្រាប់ឲ្យ Manchester United។ រូបសំណាករបស់ Sergio Aguero នឹងត្រូវសង់ឡើងនៅកីឡដ្ឋាន Etihad ក្នុងនាមជាវិរៈបុរសរបស់ក្លិបម្នាក់ ជាពិសេសរូបភាពដែលមិនអាចបំភ្លេចបាន គឺនៅពេលអតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះស៊ុតគ្រាប់ជ័យជំនះនៅនាទីទី៩៣:២០ កាលពីឆ្នាំ២០១១ លើកពានលីគកំពូលអង់គ្លេសលើកដំបូងតាំងពីឆ្នាំ១៩៦៨ និងជាពាន English Premier League លើកដំបូង៕
អត្ថបទ៖នាង សុភាវុធ