ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្របានលើកឡើងថា បរិមាណជួយដូរភាគហ៊ុនប្រចាំថ្ងៃ ទាំងចំនួនភាគហ៊ុន និងទំហំជួញដូរ បានកើនឡើងគួរឱ្យកត់សំគាល់ ឆ្លុះបញ្ចាំងពីការរក្សាបានស្ថិរភាពល្អប្រសើរ បើទោះបីមានភាពតានតឹងសេដ្ឋកិច្ចសកលក៏ដោយ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុប ចំនួន ២០ ក្រុមហ៊ុន ដែលប្រមូលបានទុនពីផ្សារមូលបត្រ សរុបប្រមាណ ៣៣០ លានដុល្លារអាមេរិក។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ទោះបីមានភាពតានតឹងផ្នែកសេដ្ឋកិច្ច និង បញ្ហានយោបាយ ជាសកល ក៏ការជួញដូរនៅផ្សារមូលបត្រកម្ពុជា នៅរក្សាបានស្ថានភាពល្អប្រសើរ។
ជាក់ស្តែង ក្នុងរយៈពេលដើមឆ្នាំមកដល់ពេលបច្ចុប្បន្ននេះ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម មានចំនួនប្រមាណ ១០០.០០០ ភាគហ៊ុនក្នុងមួយថ្ងៃ រីឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០០,០០០ ដុល្លារអាមេរិក។
ឯកឧត្តម ហុង សុហួរ ថ្លែងថា “ទោះជាស្ថានភាពសេដ្ឋកិច្ចសកលប្រឈមនឹងភាពស្រពិចស្រពិលច្រើន ផ្សារមូលបត្ររបស់យើងនៅតែបន្តដំណើរការរលូនទៅមុខ”។
ទន្ទឹមនេះ, គណនីជួញដូរសរុប បានកើនដល់ប្រមាណ ៤០.០០០ គណនី ជាមួយនឹងកំណើនគណនីចំនួន ១.០០០ ជាមធ្យមក្នុងមួយខែ ហើយចំនួនវិនិយោគិនសកម្ម បានកើនដល់ ៦.០០០ នាក់ ។
បានចាប់ផ្តើមការជួញដូរក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាដែលកាន់កាប់ភាគហ៊ុនចំនួន ៥៥ ភាគរយ និងក្រុមហ៊ុនមូលបត្រកូរ៉េកាន់កាប់ភាគហ៊ុន ៤៥ ៕អត្ថបទ៖ វណ្ណៈ