ម៉ិកស៊ិក៖ ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយ កាលពីថ្ងៃចន្ទថា នគរបាលបានរកឃើញសាកសពមនុស្សយ៉ាងហោចណាស់១៣នាក់ ដែលត្រូវបានរុំដាក់ក្នុងទូរទឹកកក នៅអគារមួយចំនួនក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក ដោយបន្ថែមថារហូតមកដល់ពេលនេះ ជនសង្ស័យចំនួន៦នាក់នៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវនេះ ត្រូវបានឃុំខ្លួន។
អគ្គមេធាវីរបស់រដ្ឋ Veracruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តតាមទីតាំង និងមន្ទីរពិសោធន៍ កំពុងបន្តដើម្បីកំណត់ចំនួនអ្នកពាក់ព័ន្ធ និងអត្តសញ្ញាណរបស់ពួកគេ។
រដ្ឋ Veracruz គឺជារដ្ឋសម្បូរប្រេងនៅតាមបណ្តោយឆ្នេរឈូងសមុទ្រម៉ិកស៊ិក ដែលធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សជាង៤០០នាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋ Veracruz ក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំនេះ៕

