ថៃ៖ ប្រទេសថៃនៅតែគ្មាននាយករដ្ឋមន្ត្រីថ្មី រយៈពេល៣ខែបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ដោយគណបក្សភឿថៃ ដែលជាគណបក្សទទួលបានសំឡេងឆ្នោតគាំទ្រលំដាប់លេខពីរក្នុងការបោះឆ្នោត មានការលំបាកក្នុងការមិនដាក់បញ្ចូលឥទ្ធិពលរបស់គណបក្សយោធា ខណៈដែលខ្លួនព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។
ភាពជាប់គាំងនយោបាយចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងញត្តិមួយនៅមុនពេលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ដែលអះអាងថា ការបដិសេធរបស់សភាកាលពីខែមុនលើសំណើសុំតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ផ្ទុយនឹងរដ្ឋធម្មនុញ្ញឬយ៉ាងណានោះ។
ប្រទេសមួយនេះ កំពុងស៊ូទ្រាំនឹងការរង់ចាំដ៏យូរបំផុតរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ សម្រាប់ការជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីការបោះឆ្នោតសកលមួយ ដោយមិនមានភាពច្បាស់លាស់ថា តើនៅពេលណាដែលការបោះឆ្នោតសភាបន្ទាប់ ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើង។
គណបក្សគាំទ្រយោធាកំពុងខិតចូលមកជិតបក្សភឿថៃ។ សមាជិកសភាគណបក្សគាំទ្រយោធា Palang Pracharath លោក Pai Leeke បាននិយាយថា សមាជិកសភាជាន់ទាបទាំង៤០រូបមកពីគណបក្សរបស់ខ្លួន នឹងបោះឆ្នោតឱ្យបេក្ខជនបក្សភឿថៃ ដោយគ្មានលក្ខខណ្ឌ ដោយបង្ហាញថាខ្លួនមានឆន្ទៈចូលរួមជាមួយក្រុមចម្រុះ ប្រសិនបើគណបក្ស ភឿថៃ ស្នើសុំ។
ចំណុចអារម្មណ៍មួយសម្រាប់គណបក្សភឿថៃ ប្រសិនបើខ្លួនចូលរួមជាមួយបណ្ដាបក្សគាំទ្រយោធានោះ គឺការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីដែលរស់នៅក្នុងនិរទេសភាពគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមេដឹកនាំគណបក្សនេះតាមជាក់ស្តែង ហើយការវិលត្រឡប់របស់លោក ថាក់ស៊ីន ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដើម្បីធ្វើការជាមួយក្រុមគាំទ្រយោធាផងដែរ៕

