ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរខ្សែបម្រើប៊ែលហ្ស៊ិក Romeo Lavia ពី Southampton ក្នុងតម្លៃ ៥៣ លានផោន។
កីឡាករវ័យ ១៩ ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកមួយលើករូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពី Liverpool ផងដែរ។
Liverpool ទើបតែបរាជ័យថ្មីៗក្នុងការប្រជែងយក Moises Caicedo ដែលបានសម្រេចទៅ Chelsea ហើយនៅពេលនេះ Chelsea ម្តងទៀតបានប្រជែងឈ្នះលើកិច្ចព្រមព្រៀង Romeo Lavia។
Liverpool បានព្យាយាមចរចាយក Lavia មកកាន់ Anfield មួយរយៈចុងក្រោយនេះ តែសំណើចុងក្រោយលើកទីបី ៤៦ លានផោនត្រូវបានបដិសេធដោយ Southampton។

Romeo Lavia បង្ហាញខ្លួនបាន ៣៤ ប្រកួតឱ្យ Southampton រដូវកាលមុន តែមិនអាចជួយក្រុមគេចផុតពីការកាត់ចេញទៅក្របខណ្ឌទី ២ League Championship បាន។
Romeo Lavia ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Anderlecht មុនពេលផ្លាស់ទៅ Manchester City នៅឆ្នាំ ២០២០ និងធ្លាប់បង្ហាញខ្លួនបាន ២ លើក មុនពេលផ្លាស់ទៅ Southampton នៅឆ្នាំ ២០២២ ក្នុងតម្លៃ ១០.៥ លានផោន។
ប្រសិនការផ្ទេរនេះបានសំរេច Manchester City នឹងទទួលបាន ២០% នៃតម្លៃផ្ទេរនេះផងដែរ តាមរយៈលក្ខខណ្ឌកិច្ចសន្យានៅពេល Southampton ទិញពី Man City៕ អត្ថបទ៖នាង សុភាវុធ