ចិន៖ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វី (Li Shangfu) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ និងបេឡារុស ជាសម្ព័ន្ធមិត្តរុស្ស៊ីទាំងពីរ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។
ការអធិប្បាយនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ ដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មាន Semafor បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ កំពុងរៀបចំសាងសង់រោងចក្រផលិតយានដ្រូនៅក្នុងប្រទេសបេឡារុស ដែលជាការសម្រេចមួយ ដែលអាចបង្កើនសមត្ថភាពរបស់រុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន។
ប្រទេសចិន កំពុងប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការពង្រីកភាពជាដៃគូយោធារបស់ខ្លួនជាសកល ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ហើយភាគច្រើននៃការផ្តោតអារម្មណ៍នេះ គឺផ្តោតលើអាស៊ី អឺរ៉ាស៊ី និងចុងប៉ាស៊ីហ្វិក។
អង្គការសហប្រតិបត្តិការសៀងហៃដែលដឹកនាំដោយប្រទេសចិន ដែលប្រទេសអ៊ីរ៉ង់ថ្មីៗនេះ បានក្លាយជាសមាជិក គឺជាយានមួយក្នុងចំណោមយានសំខាន់ៗរបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកលទ្ធភាពរបស់ខ្លួន។ នៅក្នុងសុន្ទរកថារបស់គាត់ លោក លី បានពណ៌នាបេឡារុសថា នឹងក្លាយជា«សមាជិកនៅពេលឆាប់ៗរបស់អង្គការនេះ៕

