
ការវាយឆ្មក់នាពេលថ្មីៗនេះពីសំណាក់នាយកដ្ឋាននគរបាលនៃទីក្រុង Marion ក្នុងរដ្ឋ Kansas ទៅលើអ្នកសារព័ត៌មាន ដែលជាកម្មសិទ្ធិរបស់គ្រួសារតូចមួយ បានបង្កឲ្យមានការព្រួយបារម្ភពីអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទូទាំងប្រទេស។
ជាមួយគ្នានេះ នគរបាលក៏បានឆែកឆេរផ្ទះរបស់ម្ចាស់សារព័ត៌មាននេះ និងអ្នកបោះពុម្ពផ្សាយ ហើយបានរឹបអូសកុំព្យូទ័រ និងទូរស័ព្ទមួយចំនួន ដែលជាកម្មសិទ្ធិរបស់អ្នកសារព័ត៌មាន។ ក្រុមអ្នកឃ្លាំមើល និយាយថា ការធ្វើបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការការពាររបស់រដ្ឋធម្មនុញ្ញ ជុំវិញសេរីភាពសារព័ត៌មាន ខណៈនេះជារឿងកម្រកើតមានណាស់ ដែលនគរបាលវាយឆ្មក់ចូលបន្ទប់ព័ត៌មាន នៅសហរដ្ឋអាមេរិក។
អ្នកសារព័ត៌មាន ត្រូវបានការពារនៅក្រោមវិសោធនកម្មច្បាប់លើកដំបូងនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងមានសិទ្ធិបោះពុម្ពផ្សាយព័ត៌មានដោយមិនមានការចាប់ពិរុទ្ធ ឬការរឹតត្បិតជាមុននោះឡើយ ដោយមុននឹងចុះផ្សាយអ្វីមួយ សារព័ត៌មានត្រូវតែគោរពច្បាប់មួយចំនួន ពាក់ព័ន្ធនឹងការប្រមាថ ឬបរិហារកេរ្តិ៍ អាសអាភាស និងការរក្សាសិទ្ធិ។
ពាក់ព័ន្ធនឹងករណីនេះ នគរបាលនិយាយថា ពួកគេបានឆ្មក់ចូលការិយាល័យនោះ ដោយសារតែម្ចាស់ភោជនីយដ្ឋាន នៅមូលដ្ឋានមួយ បានប្រាប់ថា ឯកជនភាពរបស់គាត់ ត្រូវបានបំពារបំពានដោយសារព័ត៌មាន និងដីកាស្វែងរក ដែលចុះហត្ថលេខាដោយចៅក្រមក្នុងតំបន់ ដោយចុះបញ្ជីម្ចាស់ភោជនីយដ្ឋានថា ជាជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ដោយសារព័ត៌មាន។
អង្គភាពសេរីភាពសារព័ត៌មាន និងអង្គការសិទ្ធិស៊ីវិល កំពុងតាមមើលករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយជឿជាក់ថា នគរបាលបានធ្វើហួសពីសិទ្ធិអំណាចរបស់ពួកគេ៕