
អាជ្ញាធរអេស្ប៉ាញ នៅថ្ងៃពុធ (ទី១៦ ខែសីហា)នេះ បានបញ្ជាឲ្យជម្លៀសអ្នកស្រុកពីភូមិចំនួន៤ នៅតំបន់កោះ Canary គឺកោះថេនើរីហ្វ (Tenerife) បន្ទាប់ពីចំហេះព្រៃ បានកើតមានឡើងនៅក្នុងឧទ្យានធម្មជាតិ ជុំវិញភ្នំភ្លើង Teide( ថេដេ)។
ភ្លើងដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារ (ទី១៥ ខែសីហា) បានកំពុងឆាបឆេះតំបន់ព្រៃក្រាស់ ក្នុងជ្រោះដ៏ចោត នៅភាគឦសាននៃកោះ Tenerife ដែលធ្វើឲ្យការងាររបស់ក្រុមពន្លត់អគ្គិភ័យកាន់តែលំបាក។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ឧទ្ធម្ភាគចក្របាញ់ទឹក កំពុងហោះហើរលើតំបន់នោះ។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ភូមិ Arrate, Chivisaya, Media Montaña ( មេឌា ម៉ុនតាញ៉ា) និង Ajafona ត្រូវបានជម្លៀសមនុស្សចេញ។
នៅព្រឹកថ្ងៃពុធនេះ ភ្លើងបានឆេះលើផ្ទៃដីប្រហែល ១៣០ហិកតា នៅជិតភ្នំភ្លើង Teide ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ៕