UN៖ ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយ កាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍៦៣នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងចេញពីប្រទេសសេណាហ្គាល់ ត្រូវបានគេប្រទះឃើញនៅក្បែរប្រជុំកោះខេបបវើដ(Cape Verde)របស់អាហ្វ្រិកខាងលិច។
អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោកស្រីសាហ្វាសេលី( Safa Msehli ) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែលមនុស្សប្រហែល៣៨នាក់ បានរួចជីវិត ពីសោកនាដកម្មនេះ រួមទាំងកុមារ៤នាក់ ដែលមានអាយុចន្លោះពី១២ និង១៦ឆ្នាំ។
នគរបាលនិយាយថា ទូកឈើនេសាទដ៏វែងមួយ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃចន្ទនៅក្នុងសមុទ្រអាត្លង់ទិក (Atlantic Ocean) ចម្ងាយ២៧៧គីឡូម៉ែត្រពី តំបន់ទេសចរណ៍សាល(Sal) លើប្រជុំកោះខេបវើដ ។
ប្រជុំកោះខេប វើដ នេះ ស្ថិតនៅចម្ងាយប្រហែល៦០០គីឡូម៉ែត្រក្បែរឆ្នេរនៅលើផ្លូវទឹកសម្រាប់ការធ្វើអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះខាណារី (Canary Islands) របស់ប្រទេសអេស្ប៉ាញ ដែលជាផ្លូវដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប។
លោកស្រី សេលី បានប្រាប់សារព័ត៌មាន AFP ថា អង្គភាពសេវាសង្រ្គោះបន្ទាន់បានរកឃើញសាកសពមនុស្សចំនួន៧នាក់ខណៈដែល៥៦នាក់ទៀត ត្រូវគេជឿថាកំពុងបាត់ខ្លួន។
យោងតាមទិន្នន័យពីអង្គការទេសន្តររប្រវេសន៍អន្តរជាតិ មនុស្សយ៉ាងហោចណាស់៥៥៩នាក់ បានស្លាប់ ពេលកំពុងព្យាយាមទៅឲ្យដល់ប្រជុំកោះកាណារី កាលពីឆ្នាំ២០២២ ខណៈដែលមនុស្ស១២៦នាក់ផ្សេងទៀត បានស្លាប់ ឬបាត់ខ្លួន នៅលើផ្លូវតែមួយក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ ដោយមានបំណែកទូកចំនួន១៥ ត្រូវបានកត់ត្រា៕

