ថៃ៖ ប្រធានសភាថៃបាននិយាយកាលពីថ្ងៃពុធថា សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្តាហ៍ក្រោយថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីតុលាការបានច្រានចោលសំណើររបស់គណបក្សបោះជំហានទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកល ក្នុងការជំទាស់នឹងសមាជិកសភាពីការរារាំងបេក្ខជនរបស់ខ្លួនមិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី។
តុលាការធម្មនុញ្ញបានច្រានចោលញត្តិពីសម្ព័ន្ធមិត្តនៃគណបក្សនេះ លើលក្ខណៈបច្ចេកទេស ដោយលើកហេតុផលថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ ដែលត្រូវបានរដ្ឋសភារារាំងចំនួនពីរដងនោះ មិនស្ថិតក្នុងចំណោមអ្នកបណ្ដឹងជំទាស់ទាំងនោះទេ។
ប្រទេសថៃ បានស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលចាំផ្ទះចាប់តាំងពីខែមីនាមក ហើយសភាបានជាប់គាំងអស់ជាច្រើនសប្តាហ៍ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីចលនាប្រឆាំងការបង្កើតរបស់គណបក្សបោះជំហានទៅមុខ បានជួបការជំទាស់យ៉ាងខ្លាំងក្លាពីសមាជិកសភាអភិរក្សនិយម ដែលចងសម្ព័ន្ធភាពជាមួយបក្សយោធារាជានិយម។
គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ នៅក្នុងការបោះឆ្នោតសកល បានដកការគាំទ្ររបស់ខ្លួនសម្រាប់គណបក្សបោះជំហានទៅមុខ បន្ទាប់ពីការតែងតាំងលោក ភីថាជាថ្មី ត្រូវបានច្រានចោល។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃបាននិយាយថា ពួកគេមានទំនុកចិត្តថា លោក សេដ្ឋា នឹងទទួលបានតំណែងបេក្ខជននាយករដ្ឋមន្រ្តី ទោះបីជាគ្មានការគាំទ្រពីបក្សបោះជំហានទៅមុខ ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងសភាក៏ដោយ៕

