ភ្នំពេញ៖ មហាជននិងអ្នកជំនាញមើលឃើញថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា គឺមានសមត្ថភាព និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការដឹកនាំប្រទេសកម្ពុជា ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
ខណៈនៅសល់រយៈប៉ុន្មានថ្ងៃទៀត រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងចាប់ផ្តើមជាផ្លូវការ ក្នុងនោះមហាជន និងអ្នកជំនាញសង្កេតឃើញថា អនាគតនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវទស្សនៈទានអំពីការទទួលខុសត្រូវ ដែលសំដៅដល់ការរៀបចំចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ខ្ពស់ តាមទស្សនៈទានរបស់ឯកឧត្ដមលើការ ប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំដ៏ម៉ត់ចត់ ដែលមានទំនួលខុសត្រូវពិតប្រាកដ។
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា លើកឡើងថា ភាពជាអ្នកនាំត្រូវមានទស្សនៈច្បាស់លាស់ ក្នុងនាមអ្នកបន្តវេន ដោយសារប្រជាពលរដ្ឋទន្ទឹងរង់ចាំនោះ គឺចង់ឃើញការដឹកនាំរក្សានូវអ្វីដែលមានស្រាប់ រួមទាំងកែលម្អរឲ្យកាន់តែប្រសើរឡើង និងបង្កើតនូវអ្វីដែលថ្មីសម្រាប់កម្ពុជា។
សូមជម្រាបថា មុនឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី សង្កេតឃើញមានមជ្ឈដ្ឋានមកពីស្ថាប័នផ្សេងគ្នាបានចេញមកសម្តែងការពេញចិត្ត និងគាំទ្រដ៏លើសលប់ទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងដឹកនាំមាគ៌ាកម្ពុជាប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ៕
