រុស្ស៊ី៖ នៅឧទ្យាន Patriot ក្នុងតំបន់រដ្ឋធានីមូស្គូ ដែលឧទ្ទិសដល់សមិទ្ធផលរបស់កងទ័ពរុស្ស៊ី មានមន្ត្រីម្នាក់ពាក់មួកពណ៌បៃតងបានឈរនៅពីមុខរថពាសដែកឈ្មោះ MaxxPro របស់អាមេរិកដែលរឹបអូសបាន។
ជុំវិញមន្ត្រីម្នាក់នោះ មានគ្រឿងយុទ្ធោបករណ៍យោធាលោកខាងលិចជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញ ដែលជាឱកាសមួយសម្រាប់កងទ័ពរុស្ស៊ី ក្នុងការបង្ហាញពីសមិទ្ធផលរបស់ខ្លួន និងចំអកដល់ការវាយបកដែលអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែមិថុនា។
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលឥឡូវនេះកំពុងដោះស្រាយបញ្ហានានាទាក់ទងនឹងឧស្សាហកម្មយោធារបស់ប្រទេសក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានទៅទស្សនាការតាំងពិពណ៌នោះកាលពីថ្ងៃពុធ។
ការតាំងពិព័រណ៍នេះ ក៏មានបង្ហាញនូវសព្វាវុធផលិតដោយអ៊ុយក្រែន ដែលត្រូវចោទប្រកាន់ថាបានរឹបអូសតាំងពីការចាប់ផ្តើមយុទ្ធនាការយោធាក្នុងខែកុម្ភៈឆ្នាំ២០២២មក។ កាលពីរដូវក្តៅមុន កងទ័ពរុស្ស៊ីបានបង្ហាញគ្រឿងយុទ្ធោបករណ៍ទាំងនោះរួចហើយ ដែលខ្លួនបាននិយាយថាវានាំយកមកវិញពីអ៊ុយក្រែន។
ការតាំងបង្ហាញនេះគឺជាការទាក់ទាញមួយនៅក្នុងវេទិកាកងទ័ពឆ្នាំ២០២៣ ដែលដំណើរការរហូតដល់ថ្ងៃទី២០ ខែសីហា ហើយត្រូវបានចូលរួមដោយក្រុមគណៈប្រតិភូយោធាមកពីបណ្តាប្រទេសដែលចាត់ទុកថាជា "មិត្តភក្តិ"ដោយទីក្រុងម៉ូស្គូ។ អស់រយៈពេលជាង១៧ខែក្នុងការវាយលុកមក សមត្ថភាពការពារនៃបរិវេណឧស្សាហកម្មយោធារបស់រុស្ស៊ី គឺជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់វិមានក្រឹមឡាំង៕

