
ប្រធានទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិបានជំរុញឲ្យយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា អនុញ្ញាតឲ្យជំនួយកាន់តែច្រើនដល់មនុស្ស១៨លាននាក់ដែលកំពុងត្រូវការ ដោយពណ៌នាអំពីស្ថានភាពធ្ងន់ធ្ងរ ខណៈដែលជម្លោះក្រោយរដ្ឋប្រហារ កាន់តែតានតឹង។
ដោយត្រឡប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលរួមមានកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ លោក មីង អ៊ុងឡាំង ( Min Aung Hlaing) លោក Martin Griffiths បាននិយាយថា កង្វះខាតថវិកា ក៏កំពុងធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីចូលដល់ប្រជាជនរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវការជំនួយ។
ប្រទេសមីយ៉ាន់ម៉ា ត្រូវបានជាប់គាំងក្នុងវិបត្តិ ចាប់តាំងពីយោធាដណ្តើម បានការគ្រប់គ្រងមកវិញ បន្ទាប់ពីមួយទសវត្សរ៍នៃកំណែទម្រង់ដែលមិនធ្លាប់មានពីមុនមក ក្រោមរដ្ឋាភិបាលពាក់កណ្តាលស៊ីវិល។
ការបង្រ្កាបដ៏បង្ហូរឈាមរបស់យោធាលើក្រុមប្រឆាំង បាននាំឲ្យមានការបង្កើតចលនាតស៊ូប្រដាប់អាវុធ ដែលបានប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខនៅទូទាំងប្រទេសដោយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានធ្វើឲ្យមនុស្សជាងមួយលាននាក់ ផ្លាស់ទីលំនៅ។