ការ៉ាតេ៖ ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា បាននឹងកំពុងបង្កើនការហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ ស្របពេលសហព័ន្ធបានកោះហៅកីឡាករ-កីឡាការិនីហ្វឹកហាត់លើគ្រប់វិញ្ញាសា ដែលម្ចាស់ផ្ទះបានកំណត់ក្នុងស៊ីហ្គេមចុងឆ្នាំនេះ។

លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធបានជ្រើសរើសកីឡាករ-កីឡាការិនីឲ្យចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិគ្រប់ប្រភេទវិញ្ញាសាទាំងអស់ ដែលប្រទេសវៀតណាមបានកំណត់ និងដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ។ ប៉ុន្តែការហ្វឹកហាត់ពេលនេះនៅមិនទាន់មានការប្រមូលផ្ដុំនោះទេ ពោលគឺបន្ដហ្វឹកហាត់តាមផ្ទះជាបណ្ដោះអាសន្ននៅឡើយ។ ប៉ុន្តែយ៉ាងណាក្ដី កីឡាករ-កីឡាការិនីបាននឹងកំពុងខិតខំប្រឹងប្រែង និងបានសហការយ៉ាងល្អជាមួយមន្ត្រីជំនាញសហព័ន្ធ ពិសេសក្រុមការងារគ្រូជម្រើសជាតិតាមរយៈការត្រួតពិនិត្យ បច្ចេកទេសតាមប្រព័ន្ធអនឡាញដើម្បីកែតម្រូវនូវរាល់កំហុសឆ្គង ពេលហ្វឹកហាត់របស់កីឡាករ-កីឡាការិនី មុនត្រឡប់ចូលជំរំហ្វឹកហាត់ជុំគ្នាវិញ តាមការណែនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាពេលឆាប់ៗខាងមុខ។
ចំពោះសមាសភាពកីឡាករ-កីឡាការិនី ក្រុមកីឡាការ៉ាតេជម្រើសជាតិកីឡាកម្ពុជាឆ្នាំ២០២១ ដែលកំពុងធ្វើការហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ គឺមានកីឡាករ ១៧នាក់, កីឡាការិនី ១១នាក់, កីឡាករបម្រុង ១នាក់ សរុបចំនួន ២៩នាក់ ដែលដឹកនាំដោយគ្រូបង្វឹកកម្ពុជា ៥នាក់ និងគ្រូបង្វឹកបរទេស ២នាក់គឺគ្រូជនជាតិអ៊ីរ៉ង់បង្ហាត់ផ្នែកប្រយុទ្ធ និងគ្រូជនជាតិជប៉ុនបង្ហាត់ផ្នែកកាតា។ ដោយឡែកចំណោះវិញ្ញាសាដែលម្ចាស់ផ្ទះវៀតណាមបានកំណត់ ក្នុងការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ សម្រាប់ប្រភេទកីឡាការ៉ាតេនេះគឺមាន ១៥វិញ្ញាសា ក្នុងនោះមានផ្នែកវិញ្ញាសាប្រយុទ្ធ-សម្ដែងកាតាផ្នែកបុរស ៧វិញ្ញាសា និងផ្នែកនារី ៨វិញ្ញាសា៕
អត្ថបទ៖ លី ឈុនឡា