នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានគេចវេះមិននិយាយនឡើយពីពេលវេលានៃការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូហ្ស៊ីម៉ា ដៃអ៊ីឈិ (Fukushima Daiichi)ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ នឹងត្រូវបញ្ចេញក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីតាំងនោះនៅថ្ងៃអាទិត្យ ២០ សីហានេះ។

ថ្លែងទៅកាន់តំណាងរោងចក្រដែលដំណើរការដោយក្រុមហ៊ុន Tokyo Electric Power Company (Tepco) លោក Kishida បានសង្កត់ធ្ងន់លើលក្ខណៈរយៈពេលវែងនៃដំណើរបញ្ចេញទឹកសំណល់ចេញពីរោងចក្រនេះ។
ដំណើរទស្សនកិច្ចនេះ រួមមានការទស្សនាកន្លែង ដែលទឹកបង្ហូរចេញពីរោងចក្រកំពុងត្រូវបានធ្វើប្រព្រឹត្តិកម្ម ដើម្បីកម្ចាត់សារធាតុវិទ្យុសកម្ម ក៏ដូចជាទៅកាន់កន្លែងពិនិត្យមើលនៅជិតទីតាំងដែលប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ (ALPS) នៃទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច នឹងត្រូវបានបញ្ចេញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រទេសជប៉ុននិយាយថា ខ្លួននឹងដកសារធាតុវិទ្យុសកម្មភាគច្រើនចេញពីទឹក លើកលែងតែសារធាតុទ្រីទីយ៉ូម(tritium) ជាអ៊ីសូតូបអ៊ីដ្រូសែន ដែលត្រូវតែត្រូវបានបន្សាប ព្រោះវាពិបាកក្នុងការលុបបំបាត់៕
