ព្យុះសង្ឃរា Hilary បានចុះខ្សោយកម្លាំង ខណៈកំពុងឆ្ពោះទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក និងរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែនៅតែអាចបង្កឲ្យមានទឹកជំនន់ គំរាមកំហែងដល់អាយុជីវិត ។ ដោយមានខ្យល់បក់ក្នុងល្បឿន១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានបន្ទាបទៅជាព្យុះប្រភេទកម្រិតទី១ ។

មន្ត្រីម្នាក់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ផ្នែកខ្លះនៃឧបទ្វីប Baja California របស់ប្រទេសម៉ិកស៊ិក និងភាគនិរតីនៃសហរដ្ឋអាមេរិកទាំងកណ្ដាលអធាត្រ។ បុរសម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានទឹកហូរគួចពេលកំពុងឆ្លងកាត់ជ្រោះមួយក្នុងតំបន់ Baja California ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសនោះកំពុងធ្វើដំណើរក្នុងរថយន្តជាមួយកូនរបស់លោកដែលមានអាយុ ៧ ឆ្នាំ ១៥ឆ្នាំ និង ២២ឆ្នាំ និងស្ត្រីម្នាក់ដែលពួកគេនៅរស់រានមានជីវិតទាំងអស់។
ព្យុះសង្ឃរាHilary ត្រូវបានគេរំពឹងថានឹងចុះខ្សោយកម្លាំងបន្ថែមទៀតទៅជាព្យុះត្រូពិច មុនពេលបោះពួយទៅដល់ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។ ព្យុះនេះនឹងក្លាយជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហាររដ្ឋរបស់អាមេរិកក្នុងរយៈពេលជាង ៨០ ឆ្នាំ។
នៅក្នុងការផ្ដល់ព័ត៌មានវិវត្តន៍ចុងក្រោយបំផុតរបស់ខ្លួននៅម៉ោង ៦ ម៉ោងនៅសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកបាននិយាយថា ព្យុះនេះស្ថិតចម្ងាយប្រហែល១៤៥ គីឡូម៉ែត្រភាគខាងត្បូងនៃតំបន់ Baja California ភាគខាងលិចបំផុតនៃ ទីក្រុង ពុនតា អ៊ើជិនី(Punta Eugenia) របស់ប្រទេសម៉ិកស៊ិក ៕
