ក្រុមសាវ័កស្លៀកពាក់ស.ប្រហែល ៣ពាន់នាក់របស់ក្រុមបងប្អូនសាសនា Universal White Brotherhoodបានធ្វើពិធីកម្មដឹងគុណអំឡុងការជួបជុំគ្នារយៈពេល ៣ថ្ងៃនៅលើបឹងទឹកកក ស្ថិតក្នុងតំបន់ភ្នំ Rila ប្រទេសប៊ុលហ្គារី ដើម្បីប្រារព្ធឆ្នាំទេវថ្មីជិតចូលមកដល់របស់ចលនាសាសនាមួយនេះ ។

ជារៀងរាល់ឆ្នាំ ក្រុមអ្នកគោរពបូជារបស់ចលនាសាសនាមួយនេះ ដែលរួមបញ្ចូលគ្រិស្តសាសនាជាមួយទេវកថាឥណ្ឌា ប្រារព្ធឆ្នាំទេវថ្មីរបស់ពួកគេនៅលើវាលស្មៅជាប់មាត់បឹងទឹកកករបស់ប្រទេសប៊ុលហ្គារីមួយនេះ ។
ប៉ុន្តែវាឆ្លុះបញ្ចាំងផងដែរនូវអ្វីដែលស្ថាបនិកបង្កើតចលនាសាសនានេះចាត់ទុកថាជាលំហាត់តន្រ្តីរួមកាយ ចិត្ត គំនិតតែមួយ “Paneurhythmy”( ផែនញូរីសមី) គឺជាពិធីសាសនាមួយដែលក្រុមអ្នកបូជានិយាយថា វាមានទំនាក់ទំនងនឹងកម្លាំងចក្រវាឡ ។
យោងតាមកម្ពីរស្តីពីពិធីកម្មនេះ បានឲ្យដឹងថា ពិធីកម្ម Paneurhythmy គឺជាប្រព័ន្ធនៃលំហាត់រាងកាយ និងតន្រ្តី ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិជនជាតិប៊ុលហ្គារី Peter Deunov អំឡុងចន្លោះឆ្នាំ ១៩២២ និងឆ្នាំ ១៩៤៤ ។
លំហាត់នេះ គឺដើម្បីសម្រេចតុល្យភាពក្នុង និងការស៊ីគ្នា ។ លោក Deunovបានចាត់ទុកវាថាជាវិទ្យាសាស្រ្ត ដែលមានបំណងគ្រប់គ្រងមុខងាររាងកាយ វិញ្ញាណ និងផ្លូវចិត្ត ។ ពេលអនុវត្តន៍ ក្រុមសាវ័ក ត្រូវធ្វើចលនាបង្វិលខ្លួនយឺតៗតាមរង្វង់រយៈពេល ៨០នាទី នៅលើវាលស្មៅ ឬរង្វង់ទឹកកកជិតមាត់បឹង Kidneyអមដោយក្រុមលេងវីយូឡុង និងក្រុមចម្រៀង ៕

