ស៊ូម៉ូ៖ កីឡដ្ឋានដែលរៀបចំកីឡាស៊ូម៉ូដ៏ល្បីល្បាញមួយនៅទីក្រុងតូក្យូ ត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្នុងយុទ្ធនាការពន្លឿនកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីត-១៩ ដែលជប៉ុនបានដើរយឺតជាងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។

កីឡដ្ឋានដែលនឹងត្រូវបានប្រើជាសង្វៀនប្រដាល់ ក្នុងព្រឹត្តិការណ៍អូឡាំពិកខាងមុខនេះមានទីតាំងនៅ Sumida Ward ដែលមានប្រជាជនប្រមាណ ២៥% ដែលមានអាយុលើសពី ៦៥ឆ្នាំបានចាក់វ៉ាក់សាំងលើកទី ១ កាលពីថ្ងៃចន្ទ។ ក្នុងចំណោមបេក្ខជន ៧៥៩នាក់មាន ២៣០នាក់ត្រូវបានជ្រើសរើសអោយទទួលវ៉ាក់សាំងមុន ស្របពេលកីឡាករស៊ូម៉ូចូលនិវត្តន៍មួយចំនួន ក៏បានទទួលការចាក់វ៉ាក់សាំងនៅឯកន្លែងនោះដែរ។ ខុសប្លែកពីកន្លែងចាក់វ៉ាក់សាំងផ្សេង អ្នកដែលបានចាក់វ៉ាក់សាំងនៅកីឡដ្ឋានស៊ូម៉ូនេះ ត្រូវអង្គុយនៅនឹងកន្លែងអ្នកទស្សនា ហើយមើលវីដេអូនៃការប្រកួតកីឡាស៊ូម៉ូ ដែលបានបង្ហាញនៅលើអេក្រង់រយៈពេល ១៥នាទី ខណៈអ្នកផ្តល់សេវាថែទាំសុខភាពតម្រូវអោយសម្រាក ដើម្បីតាមដានប្រតិកម្ម។
នៅពេលចាកចេញ អ្នកដែលបានចាក់វ៉ាក់សាំងអាចសាកល្បងឆ្នោតមួយ ដែលផ្តល់ឱ្យពួកគេនូវវត្ថុអនុស្សាវរីយ៍ជាច្រើនពីនំសូកូឡា KitKat ជាមួយនឹងរូបភាពនៃកីឡាករស៊ូម៉ូផងដែរ។ ដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃចន្ទនៅកីឡដ្ឋានស៊ូម៉ូនេះ គឺជាការចាប់ផ្ដើមមួយនៅក្នុងខែនេះ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ពួកគេគ្រោងនឹងប្រើប្រាស់កីឡដ្ឋាននេះជាមជ្ឈមណ្ឌល ជំរុញទឹកចិត្តម្តងទៀតនៅខែមិថុនា៕
អត្ថបទ៖នាង សុភាវុធ