កូរ៉េខាងជើង៖ ក្រុមមន្ត្រីជប៉ុន បាននិយាយថា កូរ៉េខាងជើង បានប្រាប់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបមួយ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចជាការព្យាយាមលើកទីពីរ ដើម្បីដាក់ផ្កាយរណបចារកម្មយោធាទៅកាន់គន្លងតារាវិថីរយៈពេលបីខែ បន្ទាប់ពីការប្រឹងប្រែងលើកដំបូងរបស់ខ្លួន បរាជ័យ។
នៅចុងខែឧសភា គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើងដែលផ្ទុកផ្កាយរណបចារកម្ម បានធ្លាក់ចូលទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីបានបាញ់បង្ហោះ ដែលបង្កជាឧបសគ្គដល់ការជំរុញរបស់មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីបង្កើតប្រព័ន្ធឃ្លាំមើលដែលមានមូលដ្ឋានលើលំហរ ដើម្បីតាមដានសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាន់តែប្រសើរឡើង។ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថា នឹងធ្វើការព្យាយាមលើកទីពីរ បន្ទាប់ពីបានសិក្សាពីអ្វីដែលខុសនឹងការបាញ់បង្ហោះ កាលពីលើកដំបូង។
ឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា អាជ្ញាធរកូរ៉េខាងជើង បានជូនដំណឹងអំពីផែនការបាញ់បង្ហោះផ្កាយរណប ចាប់ពីថ្ងៃទី២៤ ខែសីហា និងចុងខែសីហា ថ្ងៃទី៣០។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរសមុទ្រ លោក Hiromune Kikuchi បាននិយាយថា សេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់ពីប្រភេទផ្កាយរណបដែលកូរ៉េខាងជើងមានបំណងបាញ់បង្ហោះនោះទេ។ ប៉ុន្តែលោកជឿថា វាអាចសំដៅទៅលើផ្កាយរណបមួយស្រដៀងនឹងផ្កាយរណបចារកម្ម ដែលបានបាញ់បង្ហោះ នៅខែឧសភា។
សេចក្តីជូនដំណឹងរបស់កូរ៉េខាងជើង បានលើកឡើងពីតំបន់ដែនសមុទ្រចំនួនបី ដែលអាចរងផលប៉ះពាល់ដោយការបាញ់បង្ហោះរបស់ខ្លួន — នៅឆ្នេរសមុទ្រខាងលិចឧបទ្វីបកូរ៉េ នៅសមុទ្រចិនខាងកើត និងខាងកើតកោះLuzonរបស់ហ្វីលីពីន។ ប្រទេសជប៉ុន បានចេញការព្រមានសុវត្ថិភាពសម្រាប់នាវា ដែលឆ្លងកាត់តំបន់ទាំងបី នេះបើយោងតាមគេហទំព័ររបស់ឆ្មាំល្បាតឆ្នេរសមុទ្រជប៉ុន៕

