ម៉ិចស៊ិក៖ ព្យុះត្រូពិក Hilary បានវាយបក់បណ្តាលឲ្យមានទឹកជំនន់ខ្លាំងភ្លាមៗ នៅទូទាំងឧបទ្វិប Baja California ប្រទេសម៉ិចស៊ិក បណ្តាលឲ្យមានភាពចលាចលចំពោះយានយន្ត និងការកាត់ផ្តាច់ទឹក និងអគ្គិសនីកាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ។
នៅទីក្រុងឆ្នេរ Rosarito យានយន្តយ៉ាងហោចណាស់៧គ្រឿង បានជាប់ក្នុងទឹកជំនន់កំពុងហូរបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ គ្រប់អ្នកដំណើររទាំងអស់ត្រូវបានជួយសង្គ្រោះដោយគ្មានរងរបួសធ្ងន់ធ្ងរឡើយ។
នៅទីក្រុង Mexicali រដ្ឋធានី Baja California ខ្យល់បក់ខ្លាំង បានបណ្តាលឲ្យផ្ទាំងប្រកាស កាប៊ីនភ្លើង និងបង្គោលភ្លើងបាក់រលំ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងដាច់ទឹក។
ព្យុះ បានឈានដល់កម្រិតព្យុះកួចខ្លាំងនៅប្រទេសម៉ិចស៊ិក និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ហើយបានបក់ឆ្ពោះទៅទិសខាងជើង ដោយបន្តបំផ្លាញនៅក្នុងសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលទប់ទល់ព្យុះកំណាចជាតិ បាននិយាយថា សំណល់ពីព្យុះ Hilary ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Nevada និង Utah និងចូលទៅភាគពាយព្យ ជាកន្លែងដែលមនុស្សជាង៤លាននាក់ នៅតែស្ថិតនៅក្រោមការគំរាមកំហែងពីទឹកជំនន់រហូតដល់យប់ថ្ងៃចន្ទ៕

