អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទៅដល់កោះ Maui កាលពីថ្ងៃចន្ទរយៈពេលជិត២សប្តាហ៍ បន្ទាប់ពីចំហេះព្រៃបានឆេះរាលដាលនៅទូទាំងកោះរបស់រដ្ឋរដ្ឋហាវ៉ៃ និងបានបណ្តាលឲ្យមនុស្ស១១៤នាក់ស្លាប់ ជាដំណើរចុះពិនិត្យរយៈពេលខ្លីនៅកន្លែងដែលលោកនឹងលួងលោមជនរងគ្រោះ និងពិភាក្សាជាមួយអាជ្ញាធរតំបន់។
លោក Biden បានមកដល់ក្នុងទីក្រុង Lahaina ដែលត្រូវបានបំផ្លាញ នៅអំឡុងពេលថ្ងៃត្រង់ បន្ទាប់ពីដំណើរពិនិត្យតាមឧទ្ធម្ភាគចក្រនៅតំបន់ភ្លើងឆេះជាមួយស្ត្រីទី១ លោកស្រី Jill Biden អភិបាលរដ្ឋហាវ៉ៃ លោក Josh Green និងព្រឹទ្ធសភា២រូបរបស់រដ្ឋហាវ៉ៃ ព្រមទាំងអ្នកតំណាងតំបន់ លោកស្រី Jill Tokuda ។ លោក Biden បានជិះយន្តហោះនៅលើទិដ្ឋភាពមានធូលី មានឆេះរោល ពីអាកាសយានដ្ឋាន Kahului និងតាមបណ្តោយឆ្នេរ ហើយបានទៅដល់សហគមន៍ Lahaina ដែលត្រូវបានឆេះបំផ្លាញ។
អ្នកឈរមើលជាច្រើន បានស្វាគមន៍លោក Biden ដោយការលើកម្រាមដៃ ជាកាយវិកាមានមេដៃនិងកូនដៃ ដែលបង្ហាញសញ្ញា Aloha មានន័យថា «អ្វីទាំងអស់នឹងល្អប្រសើរ» ឬ «អរគុណ» នៅរដ្ឋហាវ៉ៃ។
លោក Biden ដែលកំពុងស្វែងរកការបោះឆ្នោតជាថ្មី នៅឆ្នាំ២០២៤ ត្រូវបានរិះគន់ពីសំណាក់សមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន និងអ្នកដ៏ទៃទៀតសម្រាប់ការឆ្លើយតបដំបូងរបស់លោកចំពោះអគ្គិភ័យនៅកោះ Maui។ លោក Biden បាននិយាយកាលពីថ្ងៃទី១០ ខែសីហា ថា លោកនឹងបន្ថែមជំនួយសហព័ន្ធនៅរដ្ឋហាវ៉ៃ និងបានសន្យាជួយដល់អ្នកដែលត្រូវការជំនួយ៕

