ស៊ីរី៖ កងទ័ពស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងយោធា នៅជុំវិញរដ្ឋធានីដាម៉ាស( Damascus) របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃចន្ទ ដោយបានធ្វើឲ្យទាហានម្នាក់ រងរបួស។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញពីទិសដៅនៃតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម បាននិយាយថា ទីតាំងយោធាចំនួនបី រួមទាំងឃ្លាំងអាវុធ ដែលជាកម្មសិទ្ធិរបស់ពួកហេសបូឡាហ៍លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេកំណត់គោលដៅ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋាន និងមូលដ្ឋានយោធាក្នុងប្រទេសស៊ីរី ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនអាវុធទៅផ្គត់ផ្គង់ក្រុមយុទ្ធជនដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់៕

