នីហ្សេ៖ ប្លុកតំបន់សំខាន់របស់អាហ្រ្វិកខាងលិច ECOWAS បានច្រានចោលសំណើរបស់របបសឹកនីហ្សេ ជុំវិញការរៀបចំការបោះឆ្នោតក្នុងរយៈពេលបីឆ្នាំ ដោយពង្រីកការជាប់គាំងនយោបាយដែលអាចបង្កឱ្យមានអន្តរាគមន៍យោធា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចបន្ទាប់ពីរដ្ឋប្រហារខែកក្កដានោះទេ។
ប្លុក ECOWAS និងមហាអំណាចអន្តរជាតិផ្សេងទៀត បាននឹងកំពុងស្វែងរកដំណោះស្រាយការទូតចំពោះរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដានៅនីហ្សេ ដែលជារដ្ឋប្រហារទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាល ក្នុងរយៈពេលបីឆ្នាំមកនេះ។ ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងជាច្រើនសម្រាប់ការសន្ទនាត្រូវបានច្រានចោល ប្លុកនេះបានដំណើរការកងកម្លាំងក្នុងតំបន់ ដែលប្រមុខយោធាប្លុកបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយ ប្រសិនបើការចរចាបរាជ័យ។
ប្លុកនេះបានបង្កើនការគំរាមកំហែងរបស់ខ្លួនទ្វេដងកាលពីថ្ងៃសុក្រ គឺមួយថ្ងៃមុនរបបសឹកយល់ព្រមជួបគណៈប្រតិភូ ECOWAS នៅរដ្ឋធានីនីញ៉ាម៉េ ដោយបង្ហាញពីឆន្ទៈថ្មីក្នុងកិច្ចសហប្រតិបត្តិការ។
ស្នងការរបស់ប្លុក ECOWAS លោក Abdel-Fatau Musah បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទថា ជំហររបស់ប្លុកនេះនៅតែច្បាស់លាស់។ លោកបានបន្ថែមថា លទ្ធផលនៃការពិភាក្សាក្រៅផ្លូវការដែលកំពុងបន្ត នឹងកំណត់ថាតើប្លុក ECOWAS នឹងបញ្ជូនបេសកកម្មសម្របសម្រួលមួយផ្សេងទៀតទៅកាន់ប្រទេសនីហ្សេរីយ៉ា ឬយ៉ាងណា៕


